(កំពង់ស្ពឺ)៖ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហាញក្តីសង្ឃឹមថា ពិធីបុណ្យភ្នំ នៅ​ពេលណាមួយនឹងអាចក្លាយទៅជាពិធីបុណ្យជាតិ ប្រចាំកម្ពុជាដោយមានការអញ្ជើញជាអធិបតីដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដូចទៅនឹងបុណ្យសមុទ្រ និងបុណ្យទន្លេដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋម សិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ និងខ្លោងទ្វា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គីរីរម្យ) ដែលស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ានី បានថ្លែងថា «យើងបានផ្តួចផ្តើមគំនិតមួយពីអ្នកខេត្តកំពង់ស្ពឺយើង គឺកម្មវិធី បុណ្យភ្នំ ដែលមានសារៈសំខាន់ខ្លាំងណាស់ ។ខេត្តខ្លះមានទន្លេ ខេត្តខ្លះមានសមុទ្រ គឺអាចធ្វើបុណ្យទន្លេ បុណ្យសមុទ្រ តែខេត្តខ្លះមានតែភ្នំ ចឹងយើងចង់ឱ្យមានការជំរុញទៅជាបុណ្យជាតិមួយដែរ ជាពិសេស «បុណ្យភ្នំគីរីរម្យ» ហើយសង្ឃឹមថ្ងៃណាមួយក៏ជាបុណ្យជាតិប្រចាំឆ្នាំផងដែរ ធ្វើឡើងក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី»។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ានី បានថ្លែងបន្ដថា បុណ្យភ្នំគឺមានលក្ខណៈខុសពីបុណ្យទន្លេ និងបុណ្យសមុទ្រ ព្រោះនៅលើភ្នំ ពិសេសភ្នំគិរីរម្យ ព្រោះថាព្រៃភ្នំនៅកម្ពុជាយើង គឺមានអ្នកថែរក្សា ហើយមានបារមី ចឹងការរៀបចំកម្មវិធី គឺត្រូវតែមានការគិតគូរ និងរៀបចំឱ្យបានល្អ។

សូមជម្រាបថា កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ក៏មានការរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ នៅឧទ្យានជាតិសុរាម្រិត-កុសម: «គិរីរម្យ» ដែលមានរយៈពេល២ថ្ងៃ ដោយមានអ្នកភ្ញៀវជាតិ និងអន្ដរជាតិ ជិតម៉ឺននាក់ មកលេងកម្សាន្ដផងដែរ៕