(ភ្នំពេញ)៖ ចំណាត់ការអនុវត្តច្បាប់បង្ក្រាបសកម្មភាពក្រុមក្មេងទំនើង ត្រូវគេកត់សម្គាល់ថាបានធ្វើ ឱ្យសកម្មភាពរបស់ក្រុមទំនើង កាន់តែថយចុះ ប៉ុន្តែអ្វីដែលបានកត់សម្គាល់គឺ វដ្តនៃឧក្រិដ្ឋកម្មដោយបុគ្គលដដែលៗ នៅពេលដែលពួកគេបានចេញពីពន្ធនាគារ។

Fresh Exclusive រាយការណ៍ស៊ីជម្រៅជុំវិញបញ្ហានេះ ក្នុងការចង់ដឹងថាតើគេគប្បីត្រូវដោះស្រាយដោយរបៀបណា?

«អត់ទេណា អនុវត្តក្តៅហើយ ក្រុមកាប់ដាវសាមូរ៉ៃ ជួយឪពុកម្តាយ ថែទាំបង្ការកុំឱ្យឈានទៅដល់ដាច់ដៃដាច់ជើងស្លាប់ អនុវត្តបទបញ្ជាគ្រប់ខេត្តទាំងអស់ ត្រូវតែអនុវត្តងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ…មួយអាណត្តិពេញរាប់អាណត្តិទៅក្រោយ អត់មានដាក់មួយ ឃើញតែមួយអាណត្តិនេះទេណា… ហើយខ្ញុំបានសុំអំពាវនាវរួចហើយ ដល់ប្រព័ន្ធតុលាការ អត់មានអាជ្ញាធរកម្លាំងសមត្ថកិច្ចខំចាប់ ហើយយើងអត់មានមូលហេតុច្បាប់ច្បាស់លាស់ដោះលែងទេត្រូវឱ្យច្បាស់លាស់ បើមានមូលហេតុច្បាប់ច្បាស់លាស់ យើងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីរួមគ្នាធ្វើដើម្បីជាការព្រមាន»។

ប្រសាសន៍នៃបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាបានធ្វើកាលពីជាង៩ខែមុនក៏ដោយ បទបញ្ជានេះកំពុងត្រូវបានអនុវត្តជាប្រចាំនៅទូទាំងប្រទេសដូចជាភ្លៀងរលឹម៖ «ហើយអនុវត្តភ្លៀងរលឹម បានថាងើបមួយសង្កាត់មួយ ងើបមួយក្រុមសង្កាត់មួយក្រុម អនុវត្តអភិក្រមនេះឱ្យជាប់»។

រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់សកម្មភាពក្រុមក្មេងទំនើងក្នុងប្រទេស។ ជំហរដ៏ម៉ឹងម៉ាត់ តាមរយៈសកម្មភាពបង្ក្រាបដូចជាភ្លៀងរលឹម គឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីការចូលរួមរក្សាច្បាប់ និងសណ្តាប់ធ្នាប់ស្របតាមគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព។

ការបង្ក្រាបក្មេងទំនើង គឺជាកិច្ចការអទិភាពមួយ ដាក់ចេញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានអំពើហិង្សា បង្កឡើងដោយក្រុមក្មេងទំនើង ដែលគេបានឃើញប្រើប្រាស់ដាវសាំមូរ៉ៃ កាប់ចាក់គ្នាប្រសេចប្រសាចបង្កឱ្យមានភាពភ័យខ្លាចដល់ពលរដ្ឋក្នុងសហគមន៍។

ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឳពុកម្តាយ និងគ្រូបង្រៀន ហើយក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗធ្វើសកម្ម ភាពវាយប្រហារគ្នាក្នុងសហគមន៍បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានី ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបង្ហាញពីការរីកចម្រើនគួរឱ្យសរសើរក្នុងការបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់៖

«ខ្ញុំចាំអត់ភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី គឺលោកដាក់អនុសាសន៍តឹងរឹងបំផុតទូទាំងប្រទេស គឺថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៤ កិច្ចការងារនេះគឺយើងខ្ញុំបានចងចាំហើយយើងយកយន្តការចាស់ ប៉ុន្តែធ្វើបច្ចុប្បន្នភាពថ្មី។ នៅពេលយើងធ្វើបច្ចុប្បន្នភាពថ្មីមក គឺយើងចាប់ផ្តើមកែប្រែការស្រាវជ្រាវទប់ស្កាត់នេះ។

១៖ វិធានការអប់រំដូចគ្នា។ ការចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ដូចជាអគ្គស្នងការនរគបាលជាតិ ជាពិសេសឯកឧត្តម ឃួង ស្រេង ពេលប្រជុំគណៈបញ្ជាការរាជធានីនេះ គឺចង្អុលបង្ហាញអភិបាលខណ្ឌទាំង១៤តែម្តង ចាប់ដៃគ្នាមកអធិការ យកចិត្តទុកដាក់តាមសាលារៀនគ្រប់កម្រិត ផ្តល់លេខទំនាក់ទំនងជាពិសេសអធិការខណ្ឌទាំង១៤។ យើងខ្ញុំនេះ ខ្ញុំបានផ្តល់ពីរដងហើយ ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាមួយសាលា ដើម្បីយើងធ្វើរបៀបសន្តិសុខ មានព័ត៌មានគឺផ្លាស់ប្តូរគ្នា យើងចុះទៅអប់រំ ឫយើងសង្ស័យ យើងទប់ស្កាត់ទៅលើការលាក់កាំបិតនៅកែបម៉ូតូ ចេញទៅគាត់ធ្វើសកម្មភាពអ្វីផ្សេងៗ នេះគឺការផ្សព្វផ្សាយអប់រំរបស់យើងទៅពន្យល់ឱ្យគាត់យល់ដឹងអំពីផ្លូវច្បាប់។

២៖ គឺយើងបានធ្វើការល្បាតទប់ស្កាត់ប្តូរវេនគ្នា។

៣៖ នៅពេលដែរយើងកែសម្រួលបានទៅគឺខ្ញុំបានចេញលិខិតបង្គាប់ការមួយ បង្កើតក្រុមស្រាវជ្រាវតាមដាន ត្រួតពិនិត្យនិងតាមចាប់ក្រុមក្មេងទំនើង។ ខ្ញុំបានបង្កើតក្រុមនេះ គឺមានលោកប្រធានសេនាធិការ ស្នងការរងជាប្រធាន និងស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ជាអនុប្រធានអចិន្រ្តៃយ៍ ហើយក្នុងនោះការិយាល័យជំនាញពាក់ព័ន្ធនឹងអធិការខណ្ឌទាំង១៤នេះ ជាសមាជិក។

អញ្ចឹងទេ កិច្ចការងារនេះគឺខ្ញុំតាមដានផ្ទាល់ទាំងសភាពការណ៍ កិច្ចប្រតិបត្តិការ និងមុខសញ្ញា ដែលយើងធ្វើនៅសេសសល់។ អញ្ចឹងហើយ បទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសសម្តេចមហាបវរធិបតីដែលលោកបានពន្យល់ជ្រួតជ្រាបអំពីកិច្ចការងារក្មេងទំនើង ដែលមានផលប៉ះពាល់ដល់សតិអារម្មណ៍មហាជនទូទៅ ជាពិសេសភ្ញៀវទេសចរណ៍។ យើងបានធ្វើទៅដល់មូលដ្ឋានតែម្តង។ អញ្ចឹងគឺយើងបានដាក់ទិសដៅអធិការខណ្ឌ ត្រូវតែសហការជាមួយអភិបាលខណ្ឌចុះគោលដៅណាដែលយើងសង្ស័យក្មេងកំពុងតែមានសកម្មភាព…អញ្ចឹងយើងបានបែងចែក៣...

១៖ ក្មេងដែរកំពុងតែប្រមូលផ្តុំ តែមិនទាន់ធ្វើសកម្មភាពអ្វីទេ តែគាត់មានក្រុមរបស់គាត់…តែរឿងហិង្សារឿងបក្សពួកទៅកាប់ចាក់ អត់ទាន់មានសម្ភារៈមធ្យោបាយ…តែគាត់ជាក្រុមបង្កើតហើយ។

២៖ ក្រុមក្មេងទំនើងដែរកំពុងតែធ្វើសកម្មភាព។

៣៖ ក្រុមក្មេងទំនើងធ្វើសកម្មភាពហើយនៅសេសសល់។ យើងចុះទៅអប់រំដល់មូលដ្ឋាន និងដល់ទីតាំងតែម្តង ព្រោះដោយសារក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្សកើតមែន ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះស្ទើរតែមួយរយភាគរយគឺអស់។ នៅមានក្មេងទំនើងនៅតាមភូមិ ហើយអ្នកចំណាកស្រុកមកធ្វើកម្មករបុគ្គលិកនៅតាមផ្ទះជួលប្រមូលផ្តុំ។ នេះជាកិច្ចការងារមួយ ឱ្យមូលដ្ឋានចុះទៅធ្វើបច្ចុប្បន្នភាព ចុះទៅសំណេះសំណាល ចុះទៅអប់រំដល់កន្លែងតែម្តង។ ទី១ បើក្រុមហ្នឹងមិនទាន់ធ្វើសកម្មភាព យើងក្តោបបាន ហើយចុះទៅអប់រំប្រាប់ឪពុកម្តាយ ហើយហៅក្មេងមកប្រាប់ថា កុំធ្វើ ហើយបង្ហាញរូបភាពថា អត់មានអនាគតទេ ព្រោះច្បាប់អត់លើកលែងទេ អញ្ចឹងឱ្យគាត់យល់ដឹង។ ទី២ ក្រុមដែលធ្វើសកម្មភាពហើយរត់គេចខ្លួន។ យើងចុះទៅដល់មូលដ្ឋានប្រាប់ឪពុកម្តាយថាសមត្ថកិច្ចអត់លើកលែងទេ។ ប្រាប់ឱ្យចូលសារភាព ហើយសារភាពនេះ មិនឱ្យរួចទៀត ទទួលទោសតែតាមស្ថានទំងន់ទោសដែលអ្នកឯងសារភាព …ទី៣ មុខសញ្ញាសេសសល់ ទៅដល់ណាក៏ទៅតាមចាប់ដែរ ដូចខ្ញុំលើកពីដើមមកអញ្ចឹង…ចូលឱ្យទៅដល់មូលដ្ឋានឱ្យឪពុកម្តាយគាត់ដឹងហើយ យើងបានផ្សព្វផ្សាយទូលំទូលាយទៅដល់មូលដ្ឋាន…អញ្ចឹងទេគឺថាទៅកាយដល់ក្នុងរន្ធហើយ» ។

ក្នុងផែនការណ៍ប្រទាក់ក្រឡាគ្នានេះ លទ្ធនៃការបង្ក្រាបក្រុមក្មេងទំនើង ក៏ដូចជាការបង្ក្រាបអំពើឧក្រិដ្ឋកម្មនានានៅក្នុងរាជធានីភ្នំពេញ បានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ តែមួយប៉ុណ្ណោះ ការអនុវត្តច្បាប់បានបង្ក្រាបករណីដែលទាក់ទងនឹងក្រុមក្មេងទំនើងចំនួន៣៦ករណី ដោយបានចាប់ខ្លួនក្រុមក្មេងសង្ស័យចំនួន១៤៤នាក់។ លើសពីនេះ អត្រាឧក្រិដ្ឋកម្មកាន់តែធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយមានការបង្ក្រាបសរុបចំនួន១១៦ករណី ដែលតំណាងឱ្យអត្រាជោគជ័យ៩៥%។ ការកាត់បន្ថយនេះបង្ហាញពីប្រសិទ្ធភាពនៃការបង្កើនសកម្មភាពរបស់សមត្ថកិច្ចនគរបាល និងប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការងារប្រទាក់ក្រឡាគ្នារវាងអាជ្ញាធរជាមួយសហគមន៍ក្នុងមូលដ្ឋាន៖

«សរុបទៅ យើងឃាត់ ៣៦ករណីក្នុងនោះ១៤៤នាក់ដែលយើងចាប់បង្ក្រាបនេះ…ហើយយើងចែកចេញជាបួនក្មេងទំនើង ដោយសារអី? នៅក្នុងសកម្មភាពប្រព្រឹត្តបទល្មើស វាស្តែងចេញរូបភាពក្មេងទំនើងដែរ។ ទីមួយ ហឹង្សាការប្លន់យកម៉ូតូប្រឡេមប្រឡំ កាប់យកមកម៉ូតូអត់បានចេះតែកាប់ចុះ កាប់ឡើងទៅ គេថាក្មេងទំនើងកាប់ តាមពិតស្ថានភាពនេះ យកម៉ូតូអត់បាន ពេលខ្លះវាកាប់ហើយយកបាន… នេះចាត់ទុកថាក្មេងទំនើងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ… ក្នុងនោះ យើងឃាត់ចាប់ខ្លួនបានពីរករណី ជាមួយមនុស្ស១១នាក់ បញ្ជូនទៅតុលាការហើយ។ ទី២ ហឹង្សាកាប់វាយឲ្យរបួស…អាហ្នឹងគឺក្មេងទំនើងហើយ។ អញ្ចឹង យើងឃាត់បាន២៨ករណី ជាមួយមនុស្ស១១៧នាក់ហើយ។ កាប់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ វាថាទៅបង្អើល អញ្ចឹងទៅវាកាប់ម៉ូតូកាប់អីខ្ទេចហើយ ជិះចេញទៅ អញ្ចឹងយើងឃាត់បានបួនករណី ហើយក្នុងនោះមនុស្ស១០នាក់។

ការកាន់កាប់អាវុធខុសច្បាប់…អញ្ចឹងគេចោទសួរយើងច្រើន អ្នកខ្លះគាត់អត់យល់ទេ ក្នុងនោះយើងឃាត់បានពីរករណី យើងបញ្ជូនទៅតុលាការ។ អញ្ចឹងបងប្អូនមហាជនមួយចំនួន គាត់មានចម្ងល់ថា ពាក្យថាអាវុធទាល់តែថាបាញ់ឮសូរ របួសហូរឈាម ក្តុងក្តាំងអាវុធហ្នឹងគេហៅថាកាំភ្លើង តែយើង ផ្លូវច្បាប់ អាវុធនេះសូម្បីតែដែកស្រួចចាក់ឲ្យរបួស ក៏អាវុធដែរ បើយើងមិនមែនមានអាវុធ ធ្វើសកម្មភាពលើ អ្កម្ខាងទៀត ឲ្យរបួសតើយើងបានអ្វីទៅធ្វើសកម្មភាព? នេះគឺមានកាំបិត មានដាវ មានដាវសាមូរ៉ៃ។ កិច្ចការងារនេះ មិនមែនជាការដាក់ការពារខ្លួនទេ គាត់មានចេតនាហើយ…អញ្ចឹងទេ ដើម្បីលុបបំបាត់ក្មេងទំនើង យើងអនុវត្តទៅតាមគោលការណ៍ច្បាប់ដែលមានចែងស្រាប់…អញ្ចឹងអត់ខុសទេ អញ្ចឹងទេ ខ្ញុំនៅតែរឹតបន្តឹងអនុវត្តវិធានការទាំងបួននេះ។

កិច្ចការងារនេះ មិនមែនជាកិច្ចការការពារខ្លួនទេ គាត់មានចេតនាហើយ។ អញ្ចឹងទេដើម្បីលុបបំបាត់ក្មេងទំនើង យើងអនុវត្តទៅតាមគោលការណ៍ច្បាប់ដែលមានចែងស្រាប់ អញ្ចឹងអត់ខុសទេ។ អញ្ចឹងទេខ្ញុំ នៅតែរឹតបន្តឹងអនុវត្តវិធានការទាំង៤នេះ។

ឥឡូវនេះបទល្មើសចុងក្រោយគេ នៅខណ្ឌទួលគោក នៅផ្សារដើមគរ ពេលដែលយើងរឹតបន្តឹងខ្លាំងនូវចំនុចទី៤នេះ ។ កាន់កាប់អាវុធខុសច្បាប់នេះ គាត់លែងហ៊ានដាក់ហើយ គាត់ជិះម៉ូតូទៅ ចុះទៅដេញទះកំផ្លៀង ព្រោះដោយសារអី ព្រោះពួកខ្ញុំល្បាតមានក្រុមស៊ីវិល នៅល្បាត និងអន្តរាគមន៍នៅក្បែរ កុំឱ្យគេចោទប្រកាន់ថា ជាជនស៊ីវិលឆ្លៀតឱកាស ហើយពេលដែលត្រួតពិនិត្យទៅ គេមិនដឹងថាជាមុខសញ្ញាល្អមិនល្អ តែខ្ញុំៗយល់ច្បាស់។ អញ្ចឹងទេបើយើងបណ្តែតម៉ូតូស៊ីវិល យើងមានអន្តរាគមន៍…ពេលដែលសង្ស័យឃើញថា គាត់ជាសមាសភាពមិនល្អ គឺស៊ីវិល អ្នកបោះ អន្តរាគមន័ចូលត្រួតពិនិត្យ។ នេះជាកិច្ចការមួយដែលខ្ញុំគិតថាមានប្រសិទ្ធភាពដោយសារអី? គាត់ហ៊ានដាក់អាវុធតាមខ្លួន…ហើយសុខចិត្តចុះទៅទៅទះកំផ្លៀង ដេញធាក់ ដេញអី តាមពិតគាត់ក្មេងទំនើង។

ខ្ញុំឃើញស្ថានភាពនេះ ពួកគាត់យល់ដឹងច្រើន កាន់តែយល់ដឹងច្រើន។ នេះជាកិច្ចការងារមួយក្មេងទំនើង ដែលខ្ញុំជម្រាបជូនដើមត្រីមាស ប៉ុន្តែក្នុងរយៈពេលជា២០ថ្ងៃនេះ មិនតិចជាង២៣ ២៤ថ្ងៃនេះទេគឺថា ស្ថានភាពក្មេងទំនើងស្ងប់ស្ងាត់ តែយើងនៅតែបង្កើនសកម្មភាពនេះ។ នេះជាការងារមួយដែលយើងវាយតម្លៃថា មានការថមថយ ហើយក៏យើងមិនស្កប់ស្កល់ ហើយក៏មិនឱ្យវាមានជីវិតរស់ឡើងវិញពីពាក្យថាក្មេងទំនើងនេះដែរ។ អញ្ចឹងត្រូវតែចូលរួមសហការជាមួយយើងខ្ញុំទាំងអស់គ្នា នេះជាកិច្ចការមួយចាំបាច់បំផុត»។

ប៉ុន្តែទោះបីជាសមត្ថកិច្ចបានទទួលជោគជ័យទាំងនេះយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយត្រូវបានគេកត់សម្គាល់ និងចាំបាច់ត្រូវតែមានការជួយដោះស្រាយបញ្ហានោះដើម្បីបង្កានូវរឿងដដែលៗកើតឡើងសាជាថ្មី។ បញ្ហាសំខាន់មួយនោះគឺ មនុស្សដែលធ្លាប់ជាប់ក្នុងពន្ធនាគារហើយ មិនព្រមរាងចាលនូវទង្វើអាក្រក់របស់ខ្លួនឡើងនៅពេលបានរួចចេញពីពន្ធនាគារ។

លោកឧត្តមសេនីយឯក ជួន ណារិន បានគូសបញ្ជាក់ថា ប្រមាណ៩០% នៃអ្នកដែលត្រូវបានដោះលែងពីពន្ធនាគារ ដោយសារករណីឧក្រិដ្ឋកម្ម នៅពេលបានបំរើទោសចប់ក្នុងពន្ធនាគារ និងពេលដែលមានសេរីភាពចេញទៅខាងក្រៅវិញ ពួកគេបានបន្តសកម្មភាពឧក្រិដ្ឋកម្មពីមុនរបស់គេជាដដែលវិញ។

វដ្តនៃឧក្រិដ្ឋកម្មនេះ គូសបញ្ជាក់ពីតម្រូវការសម្រាប់កម្មវិធីស្តារនីតិសម្បទានៅក្នុងពេលជាប់ឃុំ ត្រូវតែបង្កើនឡើងថែមទៀត នៅមុនការត្រួតពិនិត្យដោះលែងឱ្យទណ្ឌិតដែលបម្រើទោសជាប់ក្នុងពន្ធនាគារ វិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ដើម្បីរារាំងមិនឱ្យពួកគេមកប្រព្រឹត្តបទល្មើសដដែលៗមិនរាងចាល។ ដូចប្រសាសន៍បញ្ជាក់របស់លោកឧត្តមសេនីយឯក ជួន ណារិន្ទ យ៉ាងនេះ (សម្លេងជួនណារិន្ទ Edit) ពី២និង៤៩ ដល់៤និង១០

មន្ត្រីជំនាញបានថ្លែងថា ខណៈពេលដែលការបង្រ្កាប និងសកម្មភាពផ្លូវច្បាប់មានសារៈសំខាន់ ដើម្បីបំបាត់អំពើខុសច្បាប់ទាំងនោះ, យុទ្ធសាស្ត្ររយៈពេលវែង គប្បីត្រូវតែបញ្ចូលក្នុងវិធានការបង្ការដើម្បីកុំឱ្យវដ្តនៃឧក្រិដ្ឋកម្ម វិលចុះ វិលឡើងដោយសារតែភាពមិនរាងចាលរបស់ទណ្ឌិត ក្រោយពេលមានសេរីភាព។

យុទ្ធសាស្ត្រដែលគួរបញ្ចូលទាំងនោះគប្បីរួមមាន កម្មវិធីស្តារនីតិសម្បទាដែលត្រូវតែធ្វើឱ្យកាន់តែល្អប្រសើរឡើង, សកម្មភាពចូលរួមរបស់សហគមន៍ដើម្បីរារាំងក្រុមយុវជន មិនឱ្យចូលរួមក្នុងក្រុមក្មេងទំនើង, ផ្តល់ឱកាសក្នុងការជួយបង្រៀនមុខរបរដើម្បីបង្កើនសេដ្ឋកិច្ចដូចជាការផ្តល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់បុគ្គល ដែលប្រឈមនឹងកត្តាជីវភាពដែលអ្វីទាំងនោះ គឺដើម្បីប្រយោជន៍ការពារពួកគេ មិនឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងសង្គមជាបន្តទៀតឡើយ។ ចំណែកយុទ្ធសាស្ត្រដ៏សំខាន់មួយទៀត គឺការជម្រុញសមត្ថភាពនគរបាល លើ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រើប្រាស់ការវិភាគទិន្នន័យ ការឃ្លាំមើលនិងការតាមដានស៊ើបអង្កេត ដែលយុទ្ធសាស្ត្រនេះ គឺបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ក្នុងសម័យបរិវត្តកម្មឌីជីថល។

ដូច្នេះតាមរយៈវិធីសាស្រ្តប្រកបដោយតុល្យភាព រួមបញ្ចូលគ្នានូវការអនុវត្តច្បាប់ដ៏តឹងរឹង និងជាមួយវិធានការស្តារនីតិសម្បទា និងសេដ្ឋកិច្ចសង្គម, គេរំពឹងថាប្រទេសកម្ពុជាក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា នឹងដំណើរការបំបាត់សកម្មភាពក្មេងទំនើង និងអំពើឧក្រិដ្ឋនានា ប្រកបដោយជោគជ័យ និងសកម្មភាពខុសច្បាប់ទាំងនោះ នឹងលែងជាការគំរាមកំហែងដល់កត្តាភូមិឃុំមានសុវត្ថិទៀតហើយ៕