(កំពុងស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង និងប្រកាសទទួលស្គាល់ គណៈកម្មាធិការសាខាបក្សភូមិ នារសៀលថ្ងៃទី០៨ ខែ មិនា ឆ្នាំ ២០២៥។
អញ្ជើញមានវត្តមាននាឱកាសនេះរួមមានលោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំរលាំងចក និងសមាជិកថ្មីសរុប ១៣០ នាក់។
ជាកិច្ចស្វាគមន៍ លោក ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគងព ជាពិសេសឃុំរលាំងចក ដែលមានវត្តមាននាឱកាសនេះ។ ជាមួយគ្នានេះ លោកបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃឃុំរលាំងចក ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកា ចូលរួមអភិវឌ្ឍមូលដ្ឋាន ដើម្បីបុព្វហេតុគណបក្ស និងប្រជាជន។
លោក ហ៊ុន ម៉ានី បានរំលេចបន្ថែមថា ទោះគណបក្សប្រជាជនមិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជននឹងខិតខំបន្តក្នុងការថែរក្សា និងធានាឱ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ។ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តរក្សានូវប្រក្រតីភាពលើគ្រប់ផ្នែក ទាំងនយោបាយ សង្គម សេដ្ឋកិច្ច ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីធានាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងមន្រ្តីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត កសិករ និងអ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ៕