(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាល និងចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សានុសិស្សចំនួន៥៣៣នាក់ ស្ថិតក្នុងបរវេណវត្តគិរីរុក្ខាវនារាម ហៅវត្តអាលច ស្ថិតនៅភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង២០០នាក់។

ថ្លែងក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដើម្បីឱ្យក្លាយខ្លួនជាសិស្សពូកែដើម្បីជាទំពាំងស្នងឬស្សី ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះនិងជំនាញពិតប្រាកដ បន្តវេនកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំផ្ដល់ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការរីករាយដោយបានមកជួប និងនាំយកនូវអំណោយមកចែកជូនដល់ក្មួយៗជាសិស្សានុសិស្សនាពេលនេះ ហើយលោកបានជំរុញលើកទឹកចិត្តឱ្យប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់គ្រូពន្យល់ណែនាំ ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីសហការរៀនជាមួយគ្នា ព្រោះយើងមិនអាចរៀនតែម្នាក់ឯងនោះទេ ព្រោះការរស់នៅក្នុងសង្គមទាមទារឱ្យមានការចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមក។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅពេលដែលក្មួយៗរៀនបានពូ មានការងារល្អធ្វើ អាចរកលុយបានច្រើន ហើយមានអនាគតល្អ ពេលនោះនឹងមានលទ្ធភាពមកជួយគ្រួសារ និងភូមិ ស្រុករបស់យើងឱ្យមានការអភិវឌ្ឍរីកចម្រើន បន្តទៅមុខទៀត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវចេះរក្សាអនាម័យឱ្យបានមុនញាំអាហារត្រូវលាងសំអាតដៃឱ្យបានស្អាត មុនចូលគេងត្រូវធ្មេញឱ្យបានល្អ ដើម្បីមានសុខភាពល្អរឹងមាំ ជៀសផុតពីជំងឺឆ្លងបាន ជាពិសេសត្រូវជៀងវាង ឬកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិផ្អែមខ្លាំង និងប្រៃខ្លាំងជាដើម។

ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សនៅក្នុងឃុំកន្ទួត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា និងលោកស្រី និងសប្បុរសជននានាដែលជួយដល់ឧបត្ថម្ភជាសម្ភារសិក្សា ដែលជាបង្ហាញនូវការយកចិត្តទុក្ខគិតគួរពីសុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្សានុសិស្ស គ្រប់កំរិតសិក្សា ដើម្បីឱ្យប្រឹងប្រែងសិក្សារៀនសូត្របានពូកែ។

តាមរបាយការណ៍លើកឡើងរបស់លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានសង្ខេបអំពីស្ថានភាពវិស័យអប់រំ យុវជន និងកីឡា ស្រុកចិត្របុរី ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ រួមមានកម្រិតមត្តេយ្យសិក្សា៖ មត្តេយ្យសិក្សាសហគមន៍មាន៣៨កន្លែងស្មើនឹងថ្នាក់រៀន៤១ថ្នាក់ កុមារបានចូលរៀនសរុប ១០៤៥នាក់ ស្រី ៥៥២នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាសហគមន៍៤១នាក់ ស្រី៤១នាក់។ មត្តេយ្យសិក្សារដ្ឋមាន២១កន្លែងស្មើនឹងថ្នាក់រៀន៣១ថ្នាក់ កុមារបានចូលរៀនចំនួន ៨០០នាក់ ស្រី៤១០នាក់គ្រូមត្តេយ្យសិក្សាចំនួន៣២នាក់ ស្រី៣២នាក់ ក្នុងនេះគ្រូបង្រៀនជាប់កិច្ចសន្យា៤នាក់ ស្រី៤នាក់។

កម្រិតបឋមសិក្សា៖ សាលាបឋមសិក្សាមានចំនួន៥៩សាលា ស្មើនឹងថ្នាក់រៀនចំនួន៤៤៦ថ្នាក់ កុមារចូលរៀនសរុបចំនួន ១០.៧៦៨នាក់ ស្រី៥.២៨០នាក់ គ្រូបង្រៀនសរុប ចំនួន៤៦១នាក់ ស្រី៣០១នាក់ ក្នុងនោះគ្រូបង្រៀនជាប់កិច្ចសន្យា៨៥នាក់ ស្រី៥៨នាក់។

កម្រិតមធ្យមសិក្សាបឋមភូមិ៖ សាលាមធ្យមសិក្សាបឋមភូមិមានចំនួន១០សាលាស្មើនឹងថ្នាក់រៀន៥៦ថ្នាក់ កុមារចូលរៀនសរុបចំនួន ២,៤១០នាក់ ស្រី១៣៨៤នាក់ គ្រូបង្រៀនចំនួន១២១នាក់ ស្រី៦២នាក់។ កម្រិតមធ្យមសិក្សាទុតិយភូមិ៖ សាលាមធ្យមសិក្សាទុតិយភូមិមានចំនួន២សាលាស្មើនឹងថ្នាក់រៀន១៥ថ្នាក់ មានចំនួនសិស្សពីថ្នាក់ទី (១០ដល់១២) សរុប៧០១នាក់ ស្រី៤១៤នាក់ គ្រូបង្រៀនចំនួន៣៨នាក់ ស្រី១៩នាក់។

ដោយឡែកសិស្សានុសិស្សដែលមកទទួលសម្ភារសិក្សានាពេលនេះមានចំនួន៣សាលារួមមាន៖ សាលាបឋមសិក្សាទេចម្លង, សាលាបឋមសិក្សាអន្លង់កេះ និងសាលាបឋមសិក្សាអាលច៕