(កំពង់ឆ្នាំង)៖ ក្រោយអង្គភាព Fresh News ចេញផ្សាយកាលពីថ្ងៃម្សិលមិញ ស្ដីពីបទល្មើសនេសាទ កើតមានឡើងនៅក្នុងភូមិសាស្ត្រ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ចាប់ពីរដូវបិទនេសាទ ដល់រដូវបើកវិញ សមត្ថកិច្ចជំនាញមិនអើពើបង្ក្រាបនោះ ស្រាប់តែនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការបញ្ជាផ្ទាល់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅកាន់ទីនោះ ដើម្បីបង្ក្រាប បទល្មើសនេសាទ ព្រមទាំងបានធ្វើការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសហគមន៍ ទៀតផងពីការយល់ដឹងលើការនេសាទប្រចាំថ្ងៃ។ ប្រតិបត្តិការចុះបង្ក្រាបនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជន់ ថារិទ្ធ ស្នងការរងនគរបាលខេត្ត លោក ឈាង វណ្ណាក់ អនុប្រធានមន្ទីរព័ត៌មានខេត្ត លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផល ដោយមានកម្លាំងសមត្ថកិច្ចចូលរួមជាង២០នាក់ ប្រើប្រាស់មធ្យោបាយកាណូតបាឡា៦គ្រឿង មានកម្លាំងយោធាស្រុក កងរាជអាវុធហត្ថស្រុក នគរបាលខេត្ត ប៉ុស្តិ៍ សង្កាត់រដ្ឋបាលជលផលកំពង់លែង និងអាជ្ញាធរមូលដ្ឋាន។
ក្រុមប្រតិបត្តិការ បានចុះពិនិត្យនៅក្នុងភូមិសាស្ត្រជាក់ស្ដែង ហើយក្រុមការងារ បានពិនិត្យ និងរកឃើញថា មានការនេសាទខុសច្បាប់ជលផលប្រាកដមែន។
បន្ទាប់មក ប្រជានេសាទបានរួមប្រជុំទទួលផ្សព្វផ្សាយនៅទីទួលវត្តថ្នល់ឈើទាល ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៦០នាក់ ហើយពួកគាត់ បានទទួលយកការពន្យល់ និងផ្សព្វផ្សាយច្បាប់ស្ដីពីជលផលរហូតយល់ព្រមធ្វើការរុះរើ និងកាត់បន្ថយឲ្យខ្លីស្របតាមច្បាប់។
លោក សំ ចាន់ថន បានលើកឡើង ដោយស្នើសុំឲ្យប្រជានេសាទ គោរពតាមច្បាប់កំណត់ ធ្វើការនេសាទណាដែលត្រឹមត្រូវតាមច្បាប់ ត្រូវចេះរក្សាធន់ធានមច្ឆាជាតិ ដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ព្រមទាំងការហាមឃាត់ដាច់ខាត នៃការធ្វើនេសាទសាច់ក្រឡាញឹកដែលមាន ប្រវែងវែងៗផ្ទុយទៅ និងច្បាប់កំណត់។
លោកបញ្ជាក់ថា ជលផលគឺរដ្ឋាភិបាលបានដាក់បញ្ចូលនៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហើយរបាំងសាច់អួនគឺក្រុមការងារបានពិនិត្យជាក់ស្ដែងឃើញមានប្រវែងៗពិតប្រាកដមែន។ លោក ងិន ហ៊ុន បានស្នើឲ្យប្រជាពលរដ្ឋចូលរួម បើប្រវែងវែងកាត់ ហាមដាច់ខាតការប្រើក្រឡាញឹក។ ក្រុមការងារចម្រុះ និងតំណាងប្រជាពលរដ្ឋបានឯកភាពគ្នា រុះរើនិងកាត់តម្រូវតាមច្បាប់ត្រឹមរយៈពេល៧ថ្ងៃ៕