(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី ជាមួយបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី នៅភោជនីយដ្ឋានទន្លេបាសាក់២។

ពិធីនេះរួមមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិល្បករ សិល្បការិនី ព្រមទាំងបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូជាង១៥០នាក់។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ដល់បងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដោយផ្តល់នូវការថែទាំសុខភាពដោយឥតគិតថ្លៃ និងបង្កើតមូលនិធិអភិរក្សថ្មីសម្រាប់អ្នកធាក់ស៊ីក្លូ។ ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងថា ការដែលយកថ្ងៃអបអរសាទរខួបលើកទី១១៤ នៃទិវាសិទ្ធិនារីមកជួបជុំពិសារអាហារសាមគ្គីនេះ គឺជាការចែករំលែកនូវសេចក្តីស្រឡាញ់ ជាមួយបងប្អូនដែលប្រកបមុខរបរធាក់ស៊ីក្លូនេះផងដែរ។ ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្រ្តីមានសិទ្ធិ និងសេរីភាពស្មើគ្នានឹងបុរស ហើយមិនមែនមានសិទ្ធិតែក្នុងថ្ងៃនេះទេ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះគឺបង្ហាញឱ្យឃើញពីទឹកសប្បុរស របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសិល្បករ សិល្បការីនី ចំពោះបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ និងបង្ហាញឱ្យឃើញផងដែរថា បងប្អូនប្រកបមុខរបរនេះ មិនមែននៅឯកោនោះទេ។ សកម្មភាពនេះជួយផ្សព្វផ្សាយអំពីស៊ីក្លូ ឱ្យមានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ ហើយក៏ជាការជួយអភិរក្សដល់ស៊ីក្លូកុំឱ្យមានការបាត់បង់ផងដែរ។

នៅក្នុងឱកាសនោះ បងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងទឹកមុខរីករាយ  បានសម្តែងនូវអារម្មណ៍ រំភើបឥតឧបមា និងសង្ឃឹមយ៉ាងមុតមាំថា ស៊ីក្លូនៅតែបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជាជាបន្តតទៅ។

ជាចុងបញ្ចប់លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ជូនបងប្អូនអ្នកប្រកបមុខរបរធាក់ស៊ីក្លូក្នុងម្នាក់ៗថវិកា១៥.០០០រៀល ក្រមាមួយ និងបានពិសារអាហារៗឆ្ងាញ់ៗក្នុងបរិយាកាសយ៉ាងរីករាយ និងស្និតស្នាល៕