(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ការប្រកួតកីឡាជាតិលើកទី១ គឺបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ តុលា រហូតដល់ថ្ងៃទី ៥ វិច្ឆិកា ២០១៦។ ពិធីបើកផ្លូវការនឹងចាប់ផ្តើម នៅថ្ងៃស្អែកនេះ ដែលមានកីឡា១៥ ប្រភេទ និងមាន១៨៩វិញ្ញាសារ។

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡាជាតិឲកុកាន់ តែរីកចម្រើនខ្ពស់ត្រដែតឡើង និងដើម្បីត្រៀមរៀបចំខ្លួន ក្នុងនាមជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា «សូមប្រជាពលរដ្ឋ ជាពិសេស យុវជន យុវតី ចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់ការប្រកួតកីឡា ជាតិ លើកទី១នេះ ឲ្យបានច្រើនកុះករទាំងអស់គ្នាកុំបីខាន។ ជូនពរក្មួយៗកីឡាករទាំងអស់ ទទួលជោគជ័យនៅក្នុងការប្រកួតនេះ»

សូមជម្រាបថា ការបើកការប្រកួតកីឡារជាតិលើកទី១នេះ សមត្ថកិច្ចត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ប្រមាណជិត៣០០០នាក់៕