(បាត់ដំបង)៖ ឈ្មួញមួយក្រុម ត្រូវបានសមត្ថកិច្ចតូចតាចនៅតាមព្រំដែន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង លួចទម្លាយថា បានរត់ពន្ធនាំមាន់ចូលពីប្រទេសថៃ ខុសច្បាប់នោះបានយករថយន្ដពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម) ទៅធ្វើការដឹកជញ្ជូន យកមកចែកចាយដល់រាជធានីភ្នំពេញ ដើម្បីបន្លាចសមត្ថកិច្ចនៅតាមដងផ្លូវ ដោយសម្អាងថា ជារថយន្ដរបស់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលនេះ បានឲ្យដឹងថា ក្រុមឈ្មួញបានលួចនាំចូលសត្វមាន់ ខុសច្បាប់ចេញពីប្រទេសថៃ តាមច្របរបៀងឈ្មោះ «បឹងឆ្នាំង» ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយទៅតាមកន្លែងលក់ដូរផ្សេងៗ ដោយមួយថ្ងៃៗ ត្រូវធ្វើការចែកចាយពី២២០ធុង ទៅ២៤០ធុងដាក់សត្វមាន់ ដែលធ្វើឲ្យមានប៉ះពាល់ដល់អ្នករកស៊ីស្របច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។
បើតាមប្រភពព័ត៌មានខាងលើនេះ ក្រុមឈ្មួញបានប្រើរថយន្ដ ម៉ាក ISUZU ចង្កូរស្ដាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-6567 ដែលអ្នកបើករថយន្ដនេះ អះអាង និងបន្លំជាអ្នករត់តាស៊ី ពីប៉ោយប៉ែត មកភ្នំពេញ ប៉ុន្ដែរូបគេគឺជាអ្នករកស៊ីឲ្យមន្ដ្រីអាវុធហត្ថជាន់ខ្ពស់ម្នាក់ ពាក់ផ្កាយ២នៅភ្នំពេញ។
សមត្ថកិច្ចទំនងជាមិនបានទទួលផលប្រយោជន៍ ពីក្រុមឈ្មួញទាំងនេះ បានសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការបង្ក្រាប និងទប់ស្កាត់នៃការលួចនាំចូល សត្វមាន់ពីប្រទេសថៃ ដោយមិនបង់ពន្ធទាំងអស់នេះផង៕