(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ស្ដ្រីជាមូលដ្ឋានគ្រួសារ ជាជំនួយការសំខាន់នៅក្នុងសង្គម និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ទោះបីជាយើងបានឃើញការរីកចម្រើនជាច្រើន នៅក្នុងការលើកកម្ពស់សិទ្ធិស្ដ្រីក៏ដោយ ក៏ស្ដ្រីនៅតែប្រឈមនឹងការរើសអើង អំពើហិង្សា និងភាពមិនស្មើគ្នា ក្នុងឱកាសការងារ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ លូ លីឃាង ក្នុងឱកាសរៀបចំពិធីអបអរសាទរ ទិវានារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប» នៅមន្ទីរពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ការ​ប្ដេជ្ញាចិត្ដក្នុងការផ្ដល់សិទ្ធ សមភាព និងភាពអង់អាចដល់ស្ដ្រី និងក្មេងស្រីគ្រប់រូប គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដែលយើងត្រូវតែផ្ដល់កម្លាំងដល់ស្ដ្រី ឱ្យអាចសម្រេចចិត្ដដោយខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ដនៅក្នុងគ្រួសារ សហគមន៍ និងសង្គមទាំងមូល ។ការកម្ពស់សមភាពយេនឌ័រ មិនមែនគ្រាន់តែជាកិច្ចការរបស់សង្គមបុណ្ណោះទេ គឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវធ្វើឱ្យកាន់តែរឹងមាំឡើង»

លោកសាស្ដ្រាចារ្យ​បានគួសរម្លឹកថា «នៅមន្ទីរពេទ្យព្រះអង្គឌួង មាននាយិការរងចំនួន ២រូប ប្រធានការិយាល័យរដ្ឋបាលមួយរូប ប្រធានលទ្ធកម្ម និងប្រធានផ្នែកផ្សេងៗទៀតក៏ជាស្ដ្រី ដូច្នេះគឺស្ដ្រីសុទ្ធតែថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងមន្ទីរពេទ្យយើង ។ជាងនេះទៅទៀតយើងឃើញថា បុគ្គលិកនៃមន្ទីរពេទ្យយើង គឺជាស្ដ្រីច្រើនជាងបុរស ដែលបង្ហាញថា មន្ទីរពេទ្យយើងបានយកចិត្ដទុកដាក់នៅលើស្ដ្រីផងដែរ»

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងអំណរគុណដល់ស្ដ្រីគ្រប់រូប ដែលបានធ្វើការងារដ៏លំបាក និងផ្ដល់ក្ដីស្រលាញ់ ការថែរក្សា និងការខិតខំប្រឹងប្រែង ដើម្បីឱ្យយើងទាំងអស់គ្នា មានជីវិតដ៏ល្អប្រសើរ និងសូមឱ្យសិទ្ធ សមភាព និងភាពអង់អាចរបស់ស្ដ្រី និងក្មេងស្រីគ្រប់រូប ក្លាយជាពិតនៅគ្រប់ទីកន្លែង។

តាមការបញ្ជាក់របស់លោកស្ដ្រីវេជ្ជបណ្ឌិត ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គឌួង គឺបុគ្គលិកជាស្ដ្រីដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង ចំនួន ៣៥០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ចំនួន ៧១នាក់, ទន្ដបណ្ឌិតចំនួន ១០នាក់, ឱសថការីចំនួន ៥នាក់, គិលានុបដ្ឋាកចំនួន ១១៣នាក់ ឆ្មបចំនួន ៦៦នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៨នាក់ និងបុគ្គលិកផ្សេងៗទៀតចំនួន ៧៧នាក់ ដែលបង្ហាញឱ្យឃើញពីការយកចិត្ដទុកដាក់ និងភាពខ្លាំងរបស់ស្ដ្រី ផងដែរ៕