(ស្វាយរៀង)៖ លោក អម មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន៤រូប នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងលិខិតដែលត្រូវបានចែកចាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ លោក អម មង្គល បានសម្រេចឲ្យដកហូតតួនាទីលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់។
ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ ក៏បានសម្រេចដាក់ពិន័យលើលោកវរសេនីយ៍ត្រី វ៉ា សំណាង អធិការរងផ្នែកនគរបាលយុត្តិធម៌, លោកអនុសេនីយ៍ឯក ផាត់ ផល នាយរងផ្នែកអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋានគនរបាលស្រុកស្វាយទាប តាមរូបភាពព្រមានជាលាយលក្ខណ៍អក្សរលើកទី១។
ការសម្រេចដាក់ពិន័យលើមន្ត្រីនគរបាលស្រុកស្វាយទាបទាំង ៤នាក់ខាងលើ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃរកឃើញថា បានសមគំនិតគ្នាលួចលក់វត្ថុតាង នៃបទល្មើសចរាចរណ៍ រួមមានឡាកាម៉ារីឆ្លាម ១គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង។ ជាមួយគ្នានោះ មន្ត្រីទាំង៤នាក់ខាងលើ បានតម្រូវឲ្យមន្ត្រីនគរបាលក្រោមឱវាទបង់ប្រាក់ចំនួន៥០០ដុល្លារ ជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ។ ជាងនេះទៅទៀត មន្ត្រីទាំង៤នាក់នេះ បានបង្គាប់ឲ្យអាណាព្យាបាលជនសង្ស័យគ្រឿងញៀន បង់ប្រាក់ឲ្យពួកគេក្នុងម្នាក់ៗ២០០ដុល្លារ ជាថ្នូរនឹងការដោះលែង។
ដោយឡែកលោកអធិការ និងមន្ត្រីរបស់លោកទាំង៣នាក់ បានបង្ខំមន្ត្រីក្រោមឱវាទបង់ប្រាក់ចំនួន៤០០ដុល្លារ ក្នុងមួយបន្ទប់ដើម្បីអាចបានចូលបម្រើការងារនៅក្នុងអគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ រឿងដែលកាន់តែធ្ងន់ធ្ងរនោះ គឺលោកអធិការ បានទទួលប្រាក់ចំនួន៥០០០ដុល្លារ ជាថ្នូរនឹងការដោះលែងជនជាតិបង់ក្លាដេស ដែលបានឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា។
សូមជម្រាបជូនថា ការបើកស៊ើបអង្កេត និងស្រាវជ្រាវរកឃើញកំហុសរបស់មន្ត្រីនគរបាលស្រុកស្វាយទាបទាំង៤នាក់ខាងលើ បានធ្វើឡើងតាមបណ្ដឹងរបស់មន្ត្រីនគរបាលស្រុកស្វាយទាបចំនួន២៤រូប ដែលបានដាក់ជូនក្រសួងមហាផ្ទៃ កាលតាមរយៈបណ្ដាញសង្គមដែលបានដាក់ជូនលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕