(ភ្នំពេញ)៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សិទ្ធិស្រ្តីនៅកម្ពុជា ត្រូវបានលើកកម្ពស់ និងទទួលបានកិច្ចគាំពារសង្គមពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ ស្រ្តីបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា និងមានភាពស្មើមុខស្មើមាត់ដូចទៅនឹងបុរសផងដែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសិទ្ធិវិញ ស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធជាងនេះទៀត ស្រ្តីបានចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសេដ្ឋកិច្ច រួមទាំងនយោបាយ សង្គមនៅកម្ពុជា។ ស្រ្តីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅគ្រប់វិស័យ ជាពិសេសស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ។

លោកបណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថា បើនិយាយនៅក្នុងវិស័យការងារវិញ ស្រ្តីត្រូវបានគិតគូរពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសស្រ្តីនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញ ទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស. ពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ដ៏ទៃទៀតផងដែរ ជាពិសេសស្រ្តីមានផ្ទៃពោះ។

ចំណែកបណ្តាមេដឹកនាំសហជីពនៅកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ស្រ្តីនៅក្នុងវិស័យការងារត្រូវបានលើកកម្ពស់សិទ្ធិ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅតែទទួលបានការលើកកម្ពស់ និងការគាំពារយ៉ាងពេញលេញ។

ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនថាឱកាសការងារ កិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។

ប្រធានសហជីពរូបនេះបានបន្ថែមថា បើនិយាយនៅក្នុងវិស័យការដេរសម្លៀកបំពាក់វិញ ស្រ្តីមានជិត១លាននាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្រ្តីនៅកម្ពុជាបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញថា ស្រ្តីជាចំណែកមួយយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ច ខណៈដែលកត្តាយេនឌ័រត្រូវបានលើកកម្ពស់ស្មើភាពគ្នារវាងស្ត្រី និងបុរស៕