(ភ្នំពេញ)៖ ឯកឧត្តម សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រី្តរាជការ នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

ឯកឧត្តម សេង ស៉ីវុត្ថា និង ឯកឧត្តម អ៊ុក សាវុធ បានថ្លែងក្នុងសារថា «ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” យើងខ្ញុំជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូម អនុញ្ញាតសម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើបសប្បាយរីករាយ យ៉ាងក្រៃលែងជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយ មាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា»។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមសម្តែងនូវសេចក្តីគោរពដោយស្មោះចំពោះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជាវីរជនស្ត្រីដ៏ឆ្នើមមួយរូប ដែលជានិច្ចកាលតែងយកកម្លាំងកាយចិត្ត បញ្ញា ស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការបំពេញការងារក្នុងនាមជាស្ត្រីឆ្នើមថ្នាក់ជាតិ ដឹកនាំចលនា កាកបាទក្រហមកម្ពុជា នាំមកនូវជោគជ័យជាច្រើន លើការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌សង្គម លើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំង ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរដ៏ថ្លៃថ្លា ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវការ គោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុត អំពីយើងខ្ញុំទាំងអស់គ្នា៕