(ភ្នំពេញ)៖ នៅថ្ងែទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា បន្ទាប់ពីក្រុមប្រឹក្សាជាតិគាំពារសង្គមបានសិក្សាអំពីលទ្ធភាពក្នុងការពង្រីកវិសាលភាពវិសាលភាពនៃកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចចេញប្រកាសអន្តរក្រសួង លេខ០៧៥/២៥ ក.ប/ប្រ.ក.ប.ស.ស. ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ អំឡុងមានផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ។
លោកបណ្ឌិត បានបន្តថា ការគិតគូរអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិត បានបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ, ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និង សមាជិក ប.ស.ស. មានចំនួនសរុបប្រមាណ ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលការណ៍នេះបង្ហាញថា វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា មានការកើនឡើងមួយកម្រិតទៀត។
សូមរម្លឹកជូនថា ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០២៥» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានលោកអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ឱ្យគិតគូរក្នុងការពង្រីកវិភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ដល់ស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារ បន្ថែមទៀតផងដែរ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី៕