(ភ្នំពេញ)៖ លោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើង ដោយទទូចឲ្យ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងវិលមកចូលរួមប្រជុំនៅក្នុងសភាវិញ ដើម្បីបន្តការចរចានយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។ លោកថា បើគណបក្សនយោបាយទាំងពីរ ចូលរួមប្រជុំសភានោះស្ថានការណ៍នយោបាយនៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ។
លោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងបែបនេះ ខណៈលោកបានជួបពិភាក្សាការងារ ជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហការអន្តរជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេស កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងថា ពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប បានបញ្ចប់នៅថ្ងៃដដែលនេះ។
ជាការឆ្លើយតប លោក ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ការវិវត្តន៍នយោបាយនៅរយៈពេលថ្មីៗនេះ គឺដំណើរទៅបានយ៉ាងឲ្យគួរឲ្យកត់ សំគាល់។ លោកថា ការវិវត្តន៍នយោបាយល្អនេះ អាចមានសង្ឃឹមថា គណបក្សប្រឆាំងអាចនឹងវិលមកចូលរួមប្រជុំសភា បន្តការចរចានយោបាយ រវាងគណបក្សនយោបាយទាំងពីរ ក្នុងសភាក្នុងពេលឆាប់ៗនេះ។
លោក Daniel Russel ក៏បានសម្តែងការស្វាគមន៍ចំពោះការវិវត្តន៍ថ្មីៗនេះ នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខនេះ ដំណើរការទៅបានដោយរលូន។
លោក ជុំ សន្ទរី បានបន្ថែមទៀតថា យ៉ាងណាក៏ដោយ ភាគីកម្ពុជា-អាមេរិក មិនបានមើលរំលងពីការរឹតចំណងមិត្តភាពល្អ នឹងគ្នាទៅវិញទៅមកនោះទេ។ ទាំងកម្ពុជា និង អាមរិក អះអាងថា នឹងរឹតចំណងមិត្តភាពលើកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឲ្យបានស៊ីជំរៅជាងនេះបន្ថែមទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សមាជិកសភាគណបក្សសង្រ្គោះជាតិ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូរ វ៉ាន់ និងសមាជិកមួយចំនួនទៀត បានអញ្ជើញចូលរួមនៅក្នុង កិច្ចប្រជុំកិច្ច គណៈកម្មាធិការអចិន្ត្រៃយ៍ នៅរដ្ឋសភាជាលើកដំបូង ក្រោយពី ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកា ក្នុងការចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែ មក ហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការ មានចំណាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕