(ស្វាយរៀង)៖ ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិជាប្រឆាំងគ្រឿងញៀន បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសហគមន៍ដោយបង្ហាញនូវសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផលប៉ះពាល់របស់គ្រឿងញៀនក្នុងការបន្តបំផ្លាញសង្គម ជាពិសេសនៅក្នុងសហគមន៍ និងបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះយុវជន។

ការថ្លែងបែបនេះរបស់លោកឧត្ដមសេនីយ៍ឯក ថោង សុគន្ធា ធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអប់រំផលប៉ះពាល់ដល់សុខភាពបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក នៅវិទ្យាសាល័យ ហ៊ុន សែន ស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។

កម្មវិធីនេះរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តស្វាយរៀង ដោយមានអ្នកចូលរួមរួមមានសិស្សានុសិស្ស មន្ត្រីរាជការ មន្ទីរអប់រំយុវជននិងកីឡា តំណាងមន្ទីរសាធារណការនិងដឹកជញ្ជូន ស្នងការនគរបាលខេត្ត គណៈគ្រប់គ្រងសាលារៀន និងភាគីពាក់ព័ន្ធនានាក្នុងខេត្ត ដែលមានអ្នកចូលរួមចំនួន៣២០នាក់ ស្រី១៤៨នាក់។

ក្នុងនាមលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក សេង សិលា អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានបន្តដោយលើកឡើងអំពីយុទ្ធសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់គ្រឿងញៀនព្រមទាំងការពង្រឹងវិធានការបង្ការប្រឆាំងតាមរយៈបទបញ្ជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយការយកចិត្តទុកដាក់របស់ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីលុបបំបាត់គ្រឿងញៀនក្នុងប្រទេសដែលជាលទ្ធផលយើងអាចសង្កេតឃើញថា៖

(ទី១) ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាចលនារួមពោលគឺមានការចូលរួមសហការរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធក្នុងការបង្ការនិងទប់ស្កាត់គ្រឿងញៀន។

(ទី២) មន្ត្រីរាជការគ្រប់ស្ថាប័ន ទទួលបាន តេស្តផ្ទៀងផ្ទាត់សុខភាព និងទទួលបានចំណេះដឹងអំពីគ្រឿងញៀន។
(ទី៣) សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានការថមថយដោយសារតែការសហការបង្ការប្រកបដោយប្រសិទ្ធភាព និងវិធានការច្បាប់តឹងរ៉ឹង។

ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រុមយុវជនគួរតែមានការយល់ដឹងបន្ថែម និងចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីការពារដំណើរជីវិតនិងអនាគតរបស់ខ្លួន និងបានជំរុញសិស្សានុសិស្ស និងសិក្ខាមទាំងអស់ទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug សម្រាប់រាយការណ៍ដោយលោកស្រីបញ្ជាក់ពីអត្ថប្រយោជន៍របស់កម្មវិធីទូរស័ព្ទដៃ ដោយលើកពីបទពិសោធន៍របស់លោកជំទាវផ្ទាល់ដែលបានអនុវត្តកន្លងមកហើយសិក្ខាសាលានេះបានផ្តល់ចំណេះដឹងបង្ការទប់ស្កាត់ និងលើកកម្ពស់សុខភាពសិក្សាដល់ធនធានមនុស្សបន្តវេន៕