(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភារាអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសមាគមនារី និងមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មាន និងវិស័យឯកជនជាង២០០នាក់ ធ្វើទស្សនកិច្ចនៅលើតម្រាយផ្លូវបន្ទាត់ព្រំដែន ដោយចាប់ផ្តើមពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅបង្គោលព្រំដែនលេខ១២៥ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានគង់វង្ស។

ដំណើរទស្សនកិច្ចនេះនឹងបន្តទៅតំបន់ព្រំដែន ផ្លូវក្រវាត់ព្រំដែន និងបង្គោលព្រំដែនក្នុងខេត្តក្រចេះ ក៏ដូចជាវិមានអនុស្សាវរីយ៍ ២ធ្នូ ដែលជាវិមានរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលជាការចាប់ផ្តើមនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ ដែលដឹកនាំដោយសម្តេច ជា ស៉ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា។

ការដែលក្រសួងព័ត៌មាន រៀបចំដំណើរទស្សនកិច្ចមន្ត្រីរាជការជាស្ត្រីមកធ្វើទស្សនកិច្ចនៅតាមក្រវាត់ព្រំដែន បង្គោលព្រំដែនគឺដើម្បីឱ្យមន្ត្រីរាជការជាស្ត្រីបានយល់ច្បាស់អំពីអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការងារការពារព្រំដែនរបស់រាជរដ្ឋាភិបាល។ ចំណុចនេះគឺជាការងារចាំបាច់ដែលមន្ត្រីរាជការទាំងអស់ត្រូវយល់ដឹងពីទឹកដីរបស់ខ្លួន និងកិច្ចការពារបូរណភាពទឹកដីជាដើម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីការពារប្រទេសជាតិ ឱ្យរឹងមាំ គឺរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារលំបាកជាច្រើនរហូតមកដល់ការបោះបង្គោលព្រំដែនកំណត់ដែនសីមាជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋាននៃផែនទី ឯកសារ និយាមការច្បាស់លាស់ដែលអ្នកជំនាញនៃប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាយ៉ាងម៉ត់ចត់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីការពារបូរណភាពទឹកដី ព្រំដែនច្បាស់គឺទី១. ត្រូវមានដែនទី ឯកសារ និងនិយាមការច្បាស់លាស់ ដែលមានការទទួលស្គាល់ពីប្រទេសទាំងពីរ ទី២. មានការបោះបង្គោលព្រំដែនជាក់ស្តែង ហើយការបោះបង្គោលនីមួយៗត្រូវការធានាឱ្យច្បាស់ពីភាពត្រឹមត្រូវតាមនិយាមការ ទី៣. ការកសាងផ្លូវក្រវាត់ព្រំដែន ដែលជាខ្សែក្រវាត់ដែនអធិបតេយ្យភាពទឹកដី ដ៏រឹងមាំ និងទី៤. ការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងអភិវឌ្ឍន៍នៅក្នុងតំបន់ព្រំដែនតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនមានជីវភាពល្អប្រសើរ។

ជាងនេះទៀតដំណើរទស្សនកិច្ចមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មាននេះនឹងក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ច សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់៕