(កែប)៖ កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត ចំនួន១៩៤៩នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បាននាំគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព, ផ្សាភ្ជាប់ជាមួយមហាជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ប្រព្រឹត្តទៅក្រោមមូលបទ «មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន» ក្រោមអធិបតី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី កែ សួនសុភី រួមទាំងមន្ដ្រីរាជការ ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស ស យ កជាដើម។
បើតាមជំនួយស្មារតីបានឲ្យដឹងថា មូលហេតុដែលក្រុមការងារ ស ស យ ក វិស័យមហាផ្ទៃ សម្រេចជ្រើសរើសយកមូលបទនៃកម្មវិធី «មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន» នេះ គឺដើម្បីជាការដាស់តឿនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន យុវនារីឲ្យជៀសឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ស្របតាមផែនការណ៍របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ដែលប្តេជ្ញាចិត្តថា «កម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀន ដោយផ្តើមចេញពីបុគ្គលម្នាក់ទៅគ្រួសារមួយដែលស្អាតស្អំ គ្មានគ្រឿងញៀន» និងស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
ទន្ទឹមនឹងនេះ កម្មវិធីក៏បានផ្សាភ្ជាប់វិស័យកីឡា និងសុខភាព ជាមួយនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយឲ្យគ្រប់គ្នាដឹងថា ការមិនសេពគ្រឿងញៀននាំមកនូវសុខភាព និងកីឡានាំមកនូវសុខ ភាព។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងជាកីឡាមួយប្រភេទ ដែលអាចមហាជនទាំងអស់ចូលរួមបានទាំងអស់គ្នា មិនប្រកាន់ភេទ សាសនា ជនជាតិ និងជនពិការក៏ដោយ។
ជាមួយគ្នានោះ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ត្រូវបានគេរំពឹងថា អាចនឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកែប តាមរយៈការរត់ប្រណាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីឯថវិកាដែលទទួលបានពីការចុះឈ្មោះ នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្ស តាមរយៈការជួយកុមារ និងប្រជាជនរងគ្រោះផ្សេងៗជាយថាហេតុណាមួយនោះ។
សូមបញ្ជាក់ថា វិញ្ញាសារនៃការចូលរួម គឺមានប្រភេទចម្ងាយ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ២១គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ១០គីឡូម៉ែត្រ(ផ្នែកបុរសនិងនារី), ប្រ ភេទចម្ងាយ៥គីឡូម៉ែត្រ(ផ្នែកបុរស និងនារី) និងប្រភេទចម្ងាយ៣គីឡូម៉ែត្រ សម្រាប់អ្នកមានពិការភាព (ផ្នែកបុរស និងនារី) ជាដើម៕