(ភ្នំពេញ)៖ ក្រោយជម្លោះតឹងសរសៃកដាក់គ្នានៅឯសេតវិមាន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមដាក់ចេញនូវវិធានការជាក់លាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យអ៊ុយក្រែនយល់ព្រមចរចាសន្តិភាពជាមួយរុស្ស៉ី។
ថ្មីៗនេះ លោក ត្រាំ បានបញ្ជាឱ្យផ្អាកផ្តល់ជំនួយយោធា ហើយបញ្ឈប់ការចែករំលែកការស៉ើបការណ៍សម្ងាត់ ជាមួយអ៊ុយក្រែនថែមទៀតផង។ រីឯ កិច្ចព្រមព្រៀងរ៉ែ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក ធ្វើអាជីវកម្មលើធនធានរ៉ែកម្ររបស់អ៊ុយក្រែន ជាថ្នូរទៅនឹងការបន្តទទួលបានជំនួយយោធា និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ក៏នៅមិនទាន់សម្រេចបាននៅឡើយដែរ។
លោក ត្រាំ ចាត់ទុកថា កិច្ចព្រមព្រៀងរ៉ែរបស់សហរដ្ឋអាមេរិកជាមួយអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីអាចឱ្យទីក្រុងវ៉ាស៊ីនតោន ប្រមូលយកមកវិញនូវលុយរាប់ពាន់ដុល្លារដែលអាមេរិក បានចំណាយទៅលើការផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវ អស់រយៈពេលជាង៣ឆ្នាំមកនេះ។ ប៉ុន្តែ កិច្ចព្រមព្រៀងមិនបានបញ្ចូលការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកដែល លោក ហ្សេលេនស្គី កំពុងទទូចសុំនោះទេ។ ដូច្នេះតើការចរចាសន្តិភាពសម្រាប់អ៊ុយក្រែន អាចកើតឡើងឬទេ?
សូមរង់ចាំទស្សនាកម្មវិធីកិច្ចពិភាក្សា Fresh Talk នៅម៉ោង៦ល្ងាចនេះ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News ដោយមានការចូលរួមពីវាគ្មិន២រូប រួមមាន៖
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
- លោកបណ្ឌិត ស៉ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា