Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងពាក់ព័ន្ធនឹងព្រះរាជក្រឹត្យស្តីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព (Video inside)

07-03-2025 22:38

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យស្តីពី «ការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្ម មកសន្តិភាព»។

គោលបំណងនៃការបង្កើតព្រះរាជក្រឹត្យនេះ គឺដើម្បីការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំង ចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

រាជរដ្ឋាភិបាលនៃកម្ពុជា ស្នើដាក់បូជនីយដ្ឋានចងចាំនេះ គឺដើម្បីរំលឹកដល់ខួប៥០ឆ្នាំនៃចំណុច ចាប់ផ្ដើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជារងទុក្ខយ៉ាងវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្ដើមរៀបចំសំណុំឯកសារតាំងពីឆ្នាំ២០១៩មក និងបានកំណត់យកទីតាំងបូជនីយដ្ឋាន ចំនួនបី រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។ ការរៀបចំឯកសារដាក់បញ្ចូលទីតាំងទាំងបី គឺដោយសារតែកត្តាប្រវត្តិសាស្ត្រដែលមាន ទំនាក់ទំនងគ្នា (អំពើហិង្សា ការធ្វើទារុណកម្ម និងការកាប់សម្លាប់) ជាពិសេសតួនាទីនៃទីតាំងនេះក្នុងនាមជាបូជនីយដ្ឋាន នៃការចងចាំ។

អំពើឧក្រិដ្ឋកម្មទាំងនេះ បានកើតឡើងជាប្រព័ន្ធនិងមានការគ្រោងទុកជាមុន តាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៧០ ជាពិសេសនៅគ្រាដែលបង្កើតមន្ទីរ១៣។

ព្រះរាជក្រឹត្យខាងលើនេះ បានកំណត់ឱ្យមានការការពារ និងជាឯកសារគតិយុត្តចាំបាច់ក្នុងការគាំទ្រដល់ កិច្ចការរៀបចំឯកសារស្នើសុំដាក់ទីតាំងទាំងបីចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖