(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងធនធានទឹក និង ឧតុនិយម។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ នាពេលនេះ គឺក្នុងគោលបំណងចូលរួមជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិអបអរសាទរខួប៣០ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ទីក្រុងប៉េកាំង និងបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា ប្រកបដោយសហថាមពល តាមរយៈអភិក្រម ជវភាព នៃប្រព័ន្ធតួអង្គតែមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពសង្គម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិ បានជំរុញឲ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើន ក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន ដើម្បីចូលរួមជាកម្លាំងចលករ ប្រកបដោយសក្តានុពលកាន់តែច្រើនឡើង ជាបន្តបន្ទាប់នៅក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងថែមទាំងបានផ្ដល់អាទិភាពខ្ពស់ដល់ស្ថានភាព ស្ត្រីលើគ្រប់រូបភាព នយោបាយ វប្បធម៌ និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់យ៉ាង ច្បាស់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាពរួមជាមួយយន្តការអនុវត្តប្រកបដោយភាព ប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ថោ ជេដ្ឋា បានបង្ហាញនូវការគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងធនធានទឹក និងឧតុនិយម និងអង្គភាពក្រោមឱវាទ តាមរយៈការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ដែលតួអង្គសំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងភាពជាពលរដ្ឋ បន្តការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»៕