(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ សម្រាប់មន្រ្តី បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសប្រារព្ធពិធីទិវាអន្តរជាតិនារី ៨ មីនានេះ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសុំឱ្យមន្ត្រីជំនាញសិក្សា ពីលទ្ធភាពតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យហិរញ្ញវត្ថុ។ ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាពក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ រៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ការប្រារព្ធពិធីខួបអនុស្សាវរីយ៍នេះត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ និងបានផ្ដល់ឱកាសដល់មន្រ្តីបុគ្គលិកយើងទាំងអស់បានជួបជុំសំណេះសំណាលគ្នា ក៏ដូចជាចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ព្រមទាំងដើម្បីលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីនៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជាឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ឆ្នាំនេះយើងប្រារព្ធពិធីនេះឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងរំលេចពីសារៈសំខាន់ នៃការទទួលបាន និងការអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។

លោកស្រីបានបន្ថែមថា «ចំពោះឆ្នាំនេះខ្ញុំសូមគាំទ្រប្រធានបទយើងឆ្នាំនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតនូវបរិយាកាសមួយឲ្យស្ត្រី និងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធ និងឱកាសស្មើគ្នាក្នុងសង្គម។ នេះជាកត្តាសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូបអាចប្រើប្រាស់សិទ្ធយ៉ាងពេញលេញក្នុងការចូលរួម និងការសម្រេចចិត្ត ដែលអាចលើកកម្ពស់ទំនាក់ទំនងស្ត្រីក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន»។

ជាមួយគ្នានេះសូមលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិនិងឱកាសដូចគ្នាក្នុងការទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ដែលបច្ចុប្បន្នស្ត្រីបានជួយរំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែក កសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស ចំពោះការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្ត ផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រីមានប្រាជ្ញាស្មារតីតស៊ូអត់ធ្មត់ ដើម្បីការរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈទាំងអស់។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ដោយរួមមានការលើកកម្ពស់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

ជាមួយគ្នានេះគិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ៥៤ភាគរយជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មានប្រមាណ៥២ភាគរយជាស្រ្តី និងចំនួនអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៦៨ភាគរយជាស្រ្តី។ ទាំងនេះបង្ហាញពីសមាមាត្រ ដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា គ្រោងនឹងរៀបចំបង្កើតទារកដ្ឋាន នៅអគារស្នាក់ការកណ្តាល ដែលកំពុងសាងសង់ ក្នុងគោលបំណងលើកទឹកចិត្ត ជួយសម្រាលបន្ទុក និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារដល់មន្ត្រីជាស្ត្រី ព្រមទាំងអាចឱ្យស្ត្រីមានលទ្ធភាពធ្វើការងារ ប្រកបដោយប្រសិទ្ធភាព និងមានពេលវេលាថែទាំទារកប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ។

លោកស្រីបណ្ឌិតបញ្ជាក់ថា «ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសុំឱ្យមន្ត្រីជំនាញធ្វើការសិក្សាអំពីលទ្ធភាព ក្នុងការតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ ក្នុងគោលដៅចម្បងចូលរួមចំណែក លើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យហិរញ្ញវត្ថុ ដោយបង្កើនតួនាទីស្ត្រីក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ។ ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាពក្នុងវិស័យហិរញ្ញវត្ថុផងដែរ»។

លោកស្រីបណ្ឌិតបានបន្ដថា «ក្នុងនោះខ្ញុំសូមសម្ដែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់ សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ ប្រទេសឱ្យឈានឆ្ពោះទៅរកភាពចម្រើនរុងរឿង»៕