(ហៃណា-ចិន)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានបង្ហាញនូវយុទ្ធសាស្ដ្រទេសចរណ៍ ៤ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅក្នុងវេទិការកិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងទេចរណ៍ នៃបណ្ដាប្រទេស នៅតាមបណ្ដោយទន្លេមេគង្គ-ឡាងឆាង ដែលប្រារព្ធនៅទីក្រុងសានយ៉ា សាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងកិច្ចប្រជុំនេះ ការដឹកនាំគណៈប្រតិភូ តំណាងឲ្យរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ដែលមានការចូលរួមពី តំណាងក្រុងសានយ៉ា ក្រុងហៃគូ ក្រុងណាននីង ក្រុងស៊ីងនីង ក្រុងលីជាំង ក្រុងក្វាងចូវ ក្រុងសេនជិន ក្រុងគុនមីង និងក្រុងគួយលីន នៃសាធារណរដ្ឋប្រជាមានិតចិន ខេត្តលួងប្រាបាង្គ ក្រុងវៀងច័ន្ទ និងក្រុងវ៉ាងវៀង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្រុងបាកាន ក្រុងម៉ាន់តាឡេ រាជធានីយ៉ាងហ្កូន នៃសាធារណ-រដ្ឋសហភាពមីយ៉ាន់ម៉ា ទីក្រុងបាងកក ខេត្តឈៀងម៉ៃ កោះភូកេត នៃព្រះរាជាណាចក្រថៃ ខេត្តដាណាង ក្រុងហូជីមិញ និងខេត្តញ៉ាត្រាង នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ជាច្រើនរូបផងដែរ។
លោក ឃឹម ប៊ុនសុង បានថ្លែងថា ដោយតាមស្មារតីសេចក្តីប្រកាស នៃកិច្ចប្រជុំរួមលើកទី១ របស់ប្រមុខដឹកនាំបណ្តាល ប្រទេសជាប់ទន្លេមេគង្គ នៅទីក្រុងសានយ៉ា កាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ កន្លងមក ដែលមានគោលការណ៍ដោយផ្តោតសំខាន់ ដល់ការប្រឹក្សាយោបល់ ការចែករំលែកនូវផលប្រយោជន៍ ការកសាងទំនុកចិត្ត និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
លោកអភិបាលខេត្តសៀមរាប បានថ្លែងការគាំទ្រ និងឯកភាព នូវចក្ខុវិស័យ និងកិច្ចសហប្រតិបត្តការ សាន់យ៉ា ទាំង៨ចំណុចដូចខាងក្រោម៖
ទី១-បង្កើតនូវយន្តការទំនាក់ទំនងបណ្តាទីក្រុងទេសចរណ៍ និងចែករំលែកនូវព័ត៌មានដែលពាក់ព័ន្ធ និងវិស័យទេសចរណ៍
ទី២-លើកកម្ពស់ និងគាំទ្រគោលនយោបាយ លើកម្មវិធីកិច្ចសហប្រតិបត្តិការ នៃវិស័យទេសចរណ៍
ទី៣-ជម្រុញនូវយន្តការកសាង បរិស្ថានទេសចរណ៍ និងបង្កើតទម្រង់គំរូ នៃវិស័យទេសចរណ៍ដែលបញ្ជូលគ្នា រវាងបរិយាកាស និងសមុទ្រ
ទី៤-ដំណើរការគម្រោង ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រៀបចំព្រឹត្តការណ៍វប្បធម៌ និងកីឡា
ទី៥-ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យវេជ្ជសាស្រ្តទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់ ឧស្សាហកម្ម វេជ្ជសាស្រ្តទេចរណ៍
ទី៦-ពង្រឹងការគ្រប់គ្រងធនធានមនុស្ស លើវិស័យទេសចរណ៍ និងបណ្តុះបណ្តាល ជំនាញវិស័យទេសចរណ៍
ទី៧-ជម្រុញលើកទឹកចិត្តបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងសមាគម និងសហគ្រាស នៃវិស័យទេសចរណ៍
និងទី៨-បង្កើតបណ្តាញទំនាក់ទំនងទីផ្សារទេសចរណ៍ សម្រាប់ផ្លាស់ប្តូរធនធាន នៃវិស័យទេសចរណ៍ របស់បណ្តាទីក្រុងទេសចរណ៍ដែលស្ថិតតាម បណ្តោយទន្លេមេគង្គ-ឡានឆាង។
ដើម្បីឆ្លើយតបនូវចក្ខុវិស័យទាំង ៨ចំណុចខាងលើ លោក ឃឹម ប៊ុនសុង បានបង្ហាញនូវយុទ្ធសាស្រ្តទេសចរណ៍ របស់រាជរដ្ឋាភិបាល សម្រាប់ទីផ្សារទេចរណ៍អាស៊ាន ពិសេសសម្រាប់ទីផ្សារទេសចរណ៍ចិន (China Ready) ដែលផ្តោតទៅលើផែនការ៤ រួមមាន៖
ទី១-ពង្រឹងសេវាកម្មពេលមកដល់ (Arrival Services) ដូចជាការអនុវត្ត ទិដ្ឋាការអេឡិចត្រូនិច (E-Visa) ការដាក់ចេញនូវទិដ្ឋាការចូល-ចេញ ច្រើនដងរយៈពេលវែង (Multiple Entries Visa T1 T2 T3) ឬការលើកលែងទិដ្ឋាការសម្រាប់ ភ្ញៀវទេសចរចិន។ រៀបចំបំពាក់ស្លាកសញ្ញាជាភាសាចិន នៅតាមច្រកទ្វារអន្តរជាតិ។ល។
ទី២-បញ្ជ្រាបការយល់ដឹងពីទីផ្សារទេសចរណ៍ចិន និងក្នុងតំបន់ ក្នុងនោះក៏បានផ្តោតជាសំខាន់ ដល់ការប្រើប្រាស់ភាសាចិន និងការសម្របសម្រួលមធ្យោបាយទូទាត់ប្រាក់ យ័ន (Yuan) ជាមួយនោះ ក៏ធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍ ដូចជាសៀវភៅ ផ្សព្វផ្សាយជាភាសាចិនផងដែរ
ទី៣-ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ តាមរយៈការអនុវត្តស្តង់ដា ត្រៀមទទួលទេសចរចិន និងប្រព័ន្ធវាយតម្លៃបញ្ជាក់គុណភាព (China Ready Accreditation System)
និងទី៤-យន្តការបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ (China Ready)។
ក្រោយកិច្ចប្រជុំបញ្ចប់ លោកអភិបាលខេត្តសៀមរាប បានជួបពិភាក្សាដោយផ្ទាល់ជាមួយលោក ចាំង ឈី លេខាបក្ស ក្រុងសានយ៉ា បានសន្យាថា និងបើកការហោះត្រង់សៀមរាប-សាន់យ៉ា ក្នុងពេលឆាប់ៗខាងមុខ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តសៀមរាបផងដែរ៕