(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មិនទាន់ទទួលបានឈាម ដែលបានបរិច្ចាគគ្រប់គ្រាន់នៅឡើយនោះទេ រហូតមកដល់ពេលនេះ ទើបទទួលបានការបរិច្ចាគចំនួន២២.១ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទៅបរិច្ចាគឈាមឲ្យបានច្រើន។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន ធ្វើឡើងក្នុងកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកបំពេញតម្រូវការ ការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យនៃប្រទេសកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន បានថ្លែងឲ្យដឹងថា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋកម្ពុជាជាច្រើន បានស្វែងយល់អំពីការបរិច្ចាគឈាម ពិសេសក្នុងស្រទាបយុវជនតែម្ដង។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ជាការពិតនៅតែមានក្ដីបារម្ភ និងសំណួរថា តើការបរិច្ចាគឈាមមានផលប៉ះពាល់ ដល់សុខភាពឬទេ? មែនទែនទៅការបរិច្ចាគឈាមមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ មានតែការទទួលបានអត្ថប្រយោជន៍ទៅវិញដូចជា ទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ, និងបានពិនិត្យនូវមេរោគជាច្រើន។ បច្ចុប្បន្នមជ្ឈមណ្ឌលផ្ដល់ឈាមមិនទាន់ទទួលបានឈាម ដែលបានបរិច្ចាគនេះគ្រប់គ្រាន់នោះទេ ទើបទទួលបានចំនួន២២.១ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ ដូច្នេះយើងនៅតែមានការខ្វះខាតមួយចំនួនធំផងដែរ»។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា សូមយកឱកាសនេះទទូចសូម ដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមការបិរច្ចាគឈាម ឲ្យបានច្រើនបន្ដបន្ទាប់ទៀត ដើម្បីឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានឈាមគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិតនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកបំពេញ តម្រូវការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យនៃប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់វប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសាធារណជនផងដែរ។

កម្មវិធីបរិច្ចាគឈាមនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះជីវិត។ ចំពោះឈាមដែលបានបរិច្ចាកនឹងត្រូវប្រើប្រាស់ ដើម្បីជួយអ្នកជំងឺដែលត្រូវការជំនួយ ដូចជាជនរងគ្រោះដោយគ្រោះថ្នាក់ ស្ត្រីដែលជួបប្រទះបញ្ហាសម្រាលកូន និងអ្នកជំងឺដែលទទួលការវះកាត់ ដែលត្រូវការឈាម។

លោក Ong Ming Teck សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមនេះ។

លោកបានថ្លែងឲ្យដឹងថា «សមាគមធនាគារនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យធនាគារ ប្រកបដោយភាពរឹងមាំ និងបរិយាបន្ន។ វិស័យធនាគារ និងហិរញ្ញវត្ថុនេះ គឺកសាងឡើងតាមរយៈការបង្កើនទំនុកចិត្តពីសាធារណជន និងផ្អែកលើការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវនិងការប្តេជ្ញាចិត្តចំពោះ សង្គម និងសហគមន៍»។

លោកបានបន្ដទៀតថា «ទំនួលខុសត្រូវរបស់យើង គឺលើសពីការផ្តល់សេវា និងផលិតផលហិរញ្ញវត្ថុ វារួមបញ្ចូលនូវការបណ្តុះនូវស្មារតីសាមគ្គី ក្តីមេត្តា និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។ ចំពោះគំនិតផ្តួចផ្តើមនៃ ការបរិច្ចាគឈាមនេះ ក៏ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលផ្តល់អាទិភាពដល់សុខភាព និងភាពធន់របស់ប្រទេសកម្ពុជា»។

កញ្ញា ពិសី ជាបុគ្គលិកធនាគារ Active People's បានថ្លែងថា «ក្នុងនាមជាអ្នកមានបទពិសោធន៍វះកាត់ ខ្ញុំយល់ថាកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជាកម្មវិធីដ៏ល្អ និងសំខាន់ខ្លាំងណាស់ ព្រោះថា នៅពេលយើងត្រូវការឈាម ដើម្បីសង្គ្រោះជីវិត កាលដែលមានឈាមសម្រាប់សង្រោ្គះ គឺប្រៀបបាននឹងការជួយដល់អាយុជីវិតមនុស្សម្នាក់អីចឹង»។

កញ្ញាបានបន្ថែមថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាជួយបរិច្ចាគឈាម ដើម្បីទុកសង្គ្រោះអាយុជីវិត អ្នកដែលកំពុងត្រូវការឈាម ចំពោះការផ្ដល់ឈាមនេះមិនប៉ះពាល់ ដល់សុខភាពនោះទេ។

លោក ពុទ្ធធារ័ត្ន ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត បានថ្លែងឲ្យដឹងថា ការបរិច្ចាគឈាមនេះពិតជាមានសារៈសំខាន់ណាស់ ជាក់ស្ដែងដូចដែលយើងបានឃើញថា បច្ចុប្បន្ននេះមានគ្រោះថ្នាក់ជាច្រើន ដូច្នេះនៅពេលយើងបរិច្ចាគឈាមទុកសម្រាប់អ្នកជំងឺដទៃទៀត ជារឿងដែលត្រូវធ្វើ និងល្អបំផុតក្នុងការជួយសង្រោះអាយុជីវិត និងបានទាន់ពេលវេលា។