(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវីជាស្រ្តី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជាស្រ្តី ព្រមទាំងមានការចូលរួមពីមេធាវីស្រ្តី ចំនួនប្រមាណ៣០០នាក់។
ព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ត្រូវបានអានដោយលោកស្រីមេធាវី ឆឹង ចន្ថា សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងការថ្លែងចំណាប់អារម្មណ៍របស់តំណាងមេធាវីស្រ្តី ដោយលោកស្រី មួង ធនលាភី ព្រមទាំងការថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងបុគ្គលិកស្រ្តីនៃគណៈមេធាវី ដោយលោកស្រីមេធាវី នៅ ច័ន្ទសុជាតា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី ផងដែរ។
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា បានថ្លែងនូវមតិសំណេះសំណាល និងពាក្យពេចន៍ជូនពរប្រកបដោយអត្ថន័យដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី និងបុគ្គលិកគណៈមេធាវីជាស្រ្តី។
នៅក្នុងឱកាសនោះលោកប្រធានគណៈមេធាវី ក៏មានវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដ៏ស្រស់ស្អាត ចែកជូនដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ភរិយារបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី បុគ្គលិកគណៈមេធាវីជាស្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីផងដែរ៕