(ភ្នំពេញ)៖ ការភ្ជាប់ទំនាក់ទំនងគ្នា ដែលសម្លឹងឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន រវាងគណបក្សនយោបាយ២ ដែលធ្លាប់មានប្រវត្តិជាសត្រូវនឹងគ្នា ធ្លាប់តែជេរបញ្ចោរនិងហែកហួរគ្នា គឺកំពុងតែខិតទៅរកសញ្ញាបែកបាក់ជាបណ្តើរៗហើយ។
ជាការពិតជម្លោះផ្ទៃក្នុង របស់គណបក្សប្រឆាំង ដែលបង្កើតឡើងពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានផ្ទុះឡើងជាបន្តបន្ទាប់ តាមការទម្លាយឱ្យដឹងពី ប្រភពផ្ទៃក្នុងបក្ស របស់មន្ត្រីកូតាបក្សទាំង២ ហើយភាគច្រើននៃជម្លោះរបស់ពួកគេ ច្រើនតែកើតចេញពីការដណ្តើមផលប្រយោជន៍ ការបែងចែកអំណាចមិនស្មើគ្នា និងការមិនទុកចិត្តគ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីមកពីកូតាគណបក្សទាំង២។ ជាមួយគ្នានេះការបែងចែកជាបក្ខពួកក្នុងគណបក្សប្រឆាំង ក៏ជាដើមចមនៃជម្លោះផ្ទៃក្នុងបក្ស ដែលបានបង្កើតជាស្នាមប្រេះស្រាំ និងកំពុងតែឈានទៅរកការបែកបាក់ផងដែរ។
ជាក់ស្តែងគឺនៅពេលនេះ កូនស្រីច្បងរបស់លោកប្រធានទីស្តី កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលមានឋានៈជាមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បាននិងកំពុងតែ ធ្វើការរិះគន់ចំៗទៅលើប្រធានគណបក្ស សម រង្ស៊ី ដែលគេឯងតែងដឹងថា ជាមេបក្សដែលកំសាកញី ជំនាញខាងរត់ចោលស្រុក និងពូកែខាងបោកសកម្មជន។
ដោយអត់ទ្រាំមិនបាន នឹងទង្វើរបស់លោក សម រង្ស៊ី ដែលពូកែខាងរត់ចោលបក្ស រត់ចោលការងារ និងពូកែបោកអ្នកគាំទ្រនោះ កូនស្រីច្បងលោក កឹម សុខា ដែលកាន់តួនាទីជាអនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សប្រឆាំង បានចេញមុខរិះគន់លើលោក សម រង្ស៊ី តាមបណ្តាញសង្គម Twitter ដោយនិយាយជាចំហរថា «វាមានរយៈពេល១ឆ្នាំហើយ ហើយពេលនេះគាត់អាចអះអាងនិរទេសខ្លួន ជាផ្លូវការបានហើយ និងមានហេតុផលស្របច្បាប់ដើម្បី នៅបរទេសបន្តទៀត…»។
សាររបស់កញ្ញា កឹម មនោវិទ្យា បង្ហាញយ៉ាងច្បាស់ថា លោក សម រង្ស៊ី ខ្លួនឯងគឺមានចេតនាទៅសម្ងំរស់នៅ និងសោយសុខនៅបរទេស ប៉ុន្តែបែរជាសំដែងតួជាជនរងគ្រោះ ដែលត្រូវបានគេនិរទេសខ្លួនទៅវិញ។
ក្រៅពីការរិះគន់រឿងល្បិចនិរទេសខ្លួនដោយស្របច្បាប់ របស់ប្រធានបក្សប្រឆាំងរូបនេះ កាលពីសប្តាហ៍មុនកូនស្រីច្បងលោក កឹម សុខា ក៏បានរិះគន់ទៅលើលោក សម រង្ស៊ី ផងដែរ ចំពោះបំណងចង់ជាប់ពន្ធនាគារជំនួសសកម្មជន និងមន្ត្រីបក្សប្រឆាំង ដោយកញ្ញា កឹម មនោវិទ្យា បានសរសេរលើ Twitter ផ្ទាល់ខ្លួនរបស់នាងថា «មានមនុស្សមើលទូរទស្សន៍ច្រើនណាស់ នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការភូតកុហករបស់លោក មើល ទៅគួរទុកចិត្តបានផង»។ សាររិះគន់មួយនេះរបស់នាង គឺហាក់ចង់ដាស់ស្មារតីអ្នកគាំទ្រផ្តាប់មុខរបស់លោក សម រង្ស៊ី ថា ការប្រកាសចង់ជាប់គុកជំនួសកូនចៅ របស់លោក សម រង្ស៊ី គ្រាន់តែ ជាល្បែងបោកប្រាស់របៀបក្មេងបៀមដៃតែប៉ុណ្ណោះ បើមនុស្សធំដែលចេះគិតពិចារណា គេមិនជឿសំដីភូតភរស្ទើរភ្លើង របស់លោក សម រង្ស៊ី នោះទេ។
អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា ក៏បានមើលឃើញពីចរិតពិតរបស់លោក សម រង្ស៊ី ថាមិនខុសពីការរិះគន់របស់ កូនស្រីលោក កឹម សុខានោះទេ ព្រោះជាក់ស្តែងលោកប្រធានបក្សប្រឆាំងរូបនេះ គឺជាមនុស្សដែលមិនទទួលខុសត្រូវលើការងារ ច្រើនតែរត់ចោលកិច្ចការរបស់ខ្លួន ហើយតែងតែបញ្ចេញសារបោកប្រាស់ សកម្មជន និងអ្នកគាំទ្រ បែបភ្លាវៗជាញឹកញាប់។
ឆ្លើយតបនឹងការរិះគន់ចំៗរបស់កូនស្រីលោក កឹម សុខា លោក សម រង្ស៊ី ក៏មិននៅស្ងៀមដែរ ដោយលោកបានប្រើប្រាស់សកម្មជនរបស់ខ្លួន នៅក្រៅប្រទេសដើម្បីធ្វើ ជាអាវុធ ទប់ទល់នឹងការប្រមាថរបស់កូនស្រីលោក កឹម សុខា។ លិខិតមួយដែលគេដឹងថា មានមូលដ្ឋានចេញពីក្រៅប្រទេស បានស្នើសុំឱ្យគណៈកម្មាធិការអចិន្ត្រែយ៍ និងគណៈកម្មាធិការវិន័យគណបក្សប្រឆាំងកែតម្រូវអកប្បកិរិយា និងឥរិយាបទ របស់កញ្ញា កឹម មនោវិទ្យា។ នៅក្នុងលិខិតនោះ អ្នកគាំទ្រគណបក្សប្រឆាំង នៅក្រៅប្រទេស ដែលគេដឹងថាមានលោកសម រង្ស៊ី នៅពីក្រោយខ្នង បានថ្កោលទោសចំពោះការរិះគន់របស់កញ្ញា កឹម មនោវិទ្យា និងបានបង្ហាញការសោកស្តាយ យ៉ាងខ្លាំង ទាក់ទិននិង ការប្រមាថប្រធានគណបក្សប្រឆាំង ដែលជាថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងចាស់ដៃ លើបណ្តាញសង្គម Twitter។
ក្រុមសកម្មជន ដែលជាដៃជើងរបស់ លោក សម រង្ស៊ី បានលើកឡើងថា កញ្ញា កឹម មនោវិទ្យា នៅពេលកន្លងមក តែងតែមានចរិកលក្ខណៈវាយប្រហារ និងប្រមាថមើល ងាយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិម្តងជាពីរដង។ អ្នកវិភាគនិងតាមដានស្ថានការណ៍នយោបាយកម្ពុជា មើលឃើញថា សង្គ្រាមពាក្យសម្តីរវាង កូនស្រីលោក កឹម សុខា ដែលបានរិះគន់ចំៗទៅលើចំណុចខ្សោយរបស់ លោក សម រង្ស៊ី និងការចេញលិខិតប្រមានរបស់បក្ខពួកលោក សម រង្ស៊ី ពីក្រៅប្រទេសចំពោះ កូនស្រីលោក កឹម សុខា គឺបាននិងកំពុងបង្កើតចេញជាសញ្ញាបែកបាក់ខ្លាំងឡើងៗ នៃក្នុងបក្សមួយនេះ។
អ្វីដែលរិតតែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ក្នុងសញ្ញានៃការបែកបាក់បក្សប្រឆាំង គឺលោក កឹម សុខា បានបង្ហាញសារបែបបញ្ឆិតបញ្ឆៀងមួយជាសាធារណៈថា «យើងត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអាឡើយ»។ អ្នកវិភាគនយោបាយយល់ឃើញថា សាររបស់លោក កឹម សុខា មិន មែនជារឿងចៃដន្យនោះទេ គឺគាត់បានធ្វើឡើង ស្របពេលកូនស្រីសំណព្វចិត្តរបស់គាត់ បាននិងកំពុងទទួលរងនូវការវាយប្រហារតបត ពីក្រុមសកម្មជនរបស់លោក សម រង្ស៊ី ក្រោយពេលកញ្ញាបានរិះគន់ធ្ងន់ៗចំពោះលោក សម រង្ស៊ី។ លោក កឹម សុខា បានសរសេរនៅលើ Facebook របស់ខ្លួនថា «តើបងប្អូនដឹងទេថា កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ មានអ្វីកើតឡើង? ជាធម្មតា យើងធ្វើដំណើរកាត់ភ្លៀងតែងតែទទឹកហើយ ក៏ប៉ុន្ដែបើពេលវេលាចាំបាច់តម្រូវឲ្យយើងទៅឲ្យដល់គោលដៅ នោះយើងត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអាឡើយ (No Risk No Change)។ សំខាន់យើងត្រូវស្គាល់ខ្លួនយើង ជឿជាក់លើខ្លួនយើង ថាយើងត្រូវធ្វើដំណើរទៅណា? ដើម្បីអ្វី? ទីបំផុតគេនឹងទទួលស្គាល់ និងឲ្យតម្លៃយើង ថាយើងបានធ្វើនោះត្រឹមត្រូវ…»។
អ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយកម្ពុជា យល់ឃើញថា តាមខ្លឹមសារនៃសាររបស់លោក កឹម សុខា បានបង្ហាញថា គាត់មានកំហឹងនៅក្នុងចិត្ត ដែលមិនអាចទ្រាំទ្របានតទៅទៀតត្រូវតែបញ្ចេញមកក្រៅ។ មួយវិញទៀត លោក កឹម សុខា គឺចង់បង្ហាញការគាំទ្រចំពោះកូនស្រីរបស់ខ្លួននិងឌៀមដាមឱ្យលោក សម រង្ស៊ី ដែលចូលចិត្តគេចវេះ និងខ្លាចការពិត ដែលទីបំផុតទង្វើរបស់លោក សម រង្ស៊ី នឹងធ្វើឱ្យគាត់បាត់តំលៃ ហើយការតស៊ូក្រាញននៀលរបស់ លោក កឹម សុខា និងត្រូវបានសកម្មជន និងអ្នកគាំទ្រទទួលស្គាល់។ គួរបញ្ជាក់ថាលោក កឹម សុខា បានបង្ហើបរួចហើយថា គាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ អាចដឹកនាំ គណបក្សប្រឆាំងបាន ទោះបីជាគ្មានវត្តមានរបស់លោក សម រង្ស៊ី ក៏ដោយ។ មានន័យថា លោក សម រង្ស៊ី គ្មានតំលៃនៅក្នុងគណបក្សនោះទេ ព្រោះកិច្ចការបក្សទាំងអស់លោក កឹម សុខា និងបក្ខពួកបានគ្រប់គ្រង និងកាន់កាប់រួចទៅហើយ វាមិនមានភាពចាំបាច់អីសម្រាប់លោក សម រង្ស៊ី ដែលបានបាត់បង់សិទ្ធធ្វើនយោបាយ ក្នុងការវិលត្រឡប់មកកម្ពុជាវិញនោះទេ៕