(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិ និងចែករំលែកព័ត៌មានរវាងគ្នាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់ ក៏ដូចជាការជួញដូរគ្រឿងញៀនឆ្លងដែនពីបណ្តាប្រទេសដទៃចូលមកកម្ពុជា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រាប់ឲ្យដឹងបែបនេះក្រោយជំនួបពិភាក្សាគ្នាពីឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងបញ្ហាប្រឈមផ្សេងៗជាមួយនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ដឹកនាំដោយលោកស្រី Lesa Gale ស្នងការរង នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការជួយដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួយបច្ចេកទេស ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលស្រាវជ្រាវស៊ើបអង្កេត វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ដល់មន្ត្រីអនុវត្តច្បាប់កម្ពុជាកន្លងមក។

បន្ថែមពីនោះនគរបាលសហព័ន្ធអូស្ត្រាលី (AFP) នឹងនាំសំណើរបស់កម្ពុជាជូនដល់ថ្នាក់នាំ ដើម្បីបន្តជួយគាំទ្រផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងជំនួយឧបត្តម្ភផ្សេងៗទៀត។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក៏បានចែករំលែកបទពិសោធន៍កម្ពុជាបង្រ្កាបករណីធំៗដែលទទួលបានជោគជ័យពីមន្ត្រីអនុវត្តច្បាប់៕