(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារជូនពរលោកជំទាវបណ្ឌិត ក្នុងឱកាសខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥
សារលិខិរបស់លោកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានខ្លឹមសារដូច្នេះថា៖ «នាងខ្ញុំសូមគោរពសម្តែងនូវសេចក្តីថ្លែងអំណរគុណ ប្រកបដោយក្តីរំភើបរីករាយ និងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែល សម្តេច បានផ្ញើសារជូនពរយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ដល់រូបនាងខ្ញុំ ក្នុងឱកាសខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”។
កិច្ចការងារលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រី គឺជាកាតព្វកិច្ចចម្បងមួយដែលប្រទេសជាតិនីមួយៗត្រូវយក ចិត្តទុកដាក់។ ក្នុងនាមជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាងខ្ញុំសូមយកវេលាដ៏ឧត្តុង្គឧត្តម នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ នេះ បញ្ជាក់ជូនបន្ថែមថា ការលើកកម្ពស់សិទ្ធិ សមភាព នឹងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែ ជាកិច្ចការអាទិភាពដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប៉ុន្តែជាភាពចាំបាច់ ជាកាលានុវត្តភាព និងជាកាតាលីករថ្មីមួយចូលរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកប ដោយចីរភាព និងបរិយាប័ន្ន។
ទន្ទឹមនេះ នាងខ្ញុំសូមសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរដ៏ស្មោះស្ម័គ្របំផុត ចំពោះស្នាដៃដឹកនាំប្រទេស ដ៏ឈ្លាសវៃបំផុត ប្រកបដោយភាពប្រាកដនិយម មនសិការស្រលាញ់ប្រទេសជាតិ និងប្រជាជន ព្រមទាំងការលះបង់គ្រប់បែបយ៉ាង និងមិនអាចប្រៀបផ្ទឹមបានរបស់ សម្តេចតេជោ ដោយសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ នារយៈពេលកន្លងមក ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសន្តិភាពពេញលេញ ព្រមទាំងធានាបាន នូវស្ថិរភាពនយោបាយយូរអង្វែង និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យ និងឫទ្ធិបារមីនៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមបានប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត នាងខ្ញុំ សូមគោរពជូនពរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕