(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ចំនួនស្ត្រីក្នុងភាពជាអ្នកដឹកនាំ ចាប់ពីថ្នាក់កំពូល ដល់ថ្នាក់ក្រោមជាតិ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីសំខាន់ៗដល់ស្ត្រី តាមបណ្តាក្រុងស្រុក មន្ទីរអង្គភាព និងក្នុងជួរគណៈអភិបាលខេត្តផងដែរ។
លោក ខូយ រីដា បានថ្លែងបែបនេះ នៅសាលប្រជុំថ្មីសាលាខេត្ត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយបានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាភ្ញៀវកិត្តិយស សមាជិក សមាជិកា ក្នុងអង្គមិទ្ទិញយ៉ាងច្រើនកុះករ។
បើតាម លោកស្រី សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹងថា ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ពិនិត្យជារួមស្ត្រី ក្រោយពីទទួលបានការតែងតាំង និងទទួលបានតួនាទី ក្នុងការធ្វើសេចក្តីសម្រេច នៅគ្រប់កម្រិតទូទាំងខេត្ត តែងតែទទួលបាននូវវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំ ជំនាញនៃការតស៊ូមតិ ជំនាញសម្របសម្រួល តូ នាទី ភារកិច្ច និងវគ្គនានា ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។ លោកស្រីបន្តថា ក្នុងខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំស្ត្រី ក្នុងវិស័យនយោបាយ និងវិស័យសាធារណៈមាន៖ ស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត ចំនួន៤រូប, ស្ត្រីជាសមាជិកក្រុមប្រឹក្សាក្រុង/ស្រុក ចំនួន២២រូប, ស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន៥៧រូប, ស្ត្រីជាអភិបាលរងខេត្ត ចំនួន០១រូប, ស្ត្រីជាអភិបាលរងស្រុក/ក្រុង ចំនួន០៨រូប, ស្ត្រីជាព្រះរាជអាជ្ញារង ចំនួន០១រូប, ស្ត្រីជាស្នងការរងនគរបាលខេត្ត ចំនួន០១រូប, ស្ត្រីជាប្រធានមន្ទីរ ចំនួន០២រូប និងស្ត្រីជាអនុប្រធានមន្ទីរ ចំនួន១៤រូប។
លោក ខូយ រីដា បានថ្លែងថា ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប និងលើកកម្ពស់ផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ ជូនគ្រួសារ ដើម្បីពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពសង្គម។
លោកបន្តថា ស្ត្រីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រី មានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពល នៅទីផ្សារសេដ្ឋកិច្ច ដែលធ្វើឱ្យជីវភាពរស់នៅមានភាពប្រសើឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។
លោកអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ និងបរិយាប័ន្ន ដែលក្នុងនោះស្ត្រីជាស្នូល ដោយបន្តការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាក់ទាញអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិ លើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
ជាមួយគ្នានោះ ត្រូវបន្តទប់ស្កាត់រាល់ទម្រង់ នៃអំពើហិង្សាទាក់ទង និងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈ កម្មវិធី និងយុទ្ធសាស្ត្រជាអាទិភាព ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សា ទាក់ទងនិងយេនឌ័រ អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ លើកកម្ពស់កិច្ចគាំពារសង្គម ដែលឆ្លើយតប និងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាព សម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានដោយសមធម៌ ពង្រឹងភាពអង់អាច ដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិន ការអភិវឌ្ឍជំនាញ គិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។
លោកសូមកោតសរសើរដោយស្មោះ ដល់បងប្អូននារីទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ជាមួយបងប្អូននារីទូទាំងប្រទេស ក្នុងការតស៊ូ អត់ធ្មត់ព្យាយាមយកជម្នះគ្រប់ឧបស័គ្គ ដើម្បីចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្ស ក្នុងសង្គម ឱ្យទទួល និងផ្តល់ឱកាសឱ្យស្ត្រីគ្រប់រូប ទទួលបាននូវអត្ថប្រយោជន៍សង្គមជាតិ ព្រមទាំងសិទ្ធិស្មើគ្នាជាមួយបុរស និងធ្វើឱ្យជីវិតរបស់ខ្លួន រួចផុតពីភាពងាយរងគ្រោះ ឆ្ពោះទៅរកភាពសុខដុមរមនា និងសម្បូររុងរឿងហើយជាកិត្តិយសដ៏ឧត្តុងឧត្តមបំផុតនោះ គឺត្រូវបានរាជរដ្ឋាភិបាល កម្ពុជាទទួលស្គាល់នូវសមត្ថភាពរបស់ស្ត្រី ទាំងចំណេះដឹងជំនាញ និងបទពិសោធន៍ ព្រមទាំងសក្តានុពលភាព របស់ស្ត្រីដែលសុទ្ធតែជាធាតុសំខាន់ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះ ស្ត្រីមិនត្រឹមតែជួយក្នុងការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងសង្គមប្រកបដោយឧត្តមភាព អ្វីដែលបុរសធ្វើបាន នោះស្ត្រីក៏អាចធ្វើបានដូចគ្នា មិនថាការងារតូចតាច ឬការងារធំដុំ រហូតស្ត្រីក៏អាចជាអ្នកជំនួញធំ ឬថ្នាក់ដឹកនាំបានដូចទៅនឹងបុរសដែរ។
លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ បងប្អូននារី របស់យើង ដែលបានចូលរួមកសាងនូវសមិទ្ធផលជាច្រើន និងគួរឱ្យកត់សម្គាល់ផងដែរ ទាំងនេះ គឺពិតជា កើតចេញពីឆន្ទៈដ៏មុះមុត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រមទាំងការចូលរួមពីបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងសូមបន្តគាំទ្រខ្លឹមសារ នៃប្រធានបទឆ្នាំនេះ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ឱ្យក្លាយជាសកម្មភាពជាក់ស្តែង ដើម្បីឈានទៅទទួលបាននូវភាពជោគជ័យ នៃការអភិវឌ្ឍប្រកបដោយចីរភាព៕