(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទងសង្គមផ្លូវការ បានបង្ហាញក្តីរំភើបស្ញប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលធ្លាប់ជាកុមារកំព្រារស់នៅមណ្ឌល រហូតបានអភិវឌ្ឍន៍ខ្លួនក្លាយជាប្រធានមណ្ឌលមែកឈើ ជួយដល់កុមារកំព្រា និងកុមារមានទុក្ខលំបាករាប់រយនាក់។
ជាមួយនឹងការស្ញប់ស្ញែងនេះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ សម្តេចបានជួបលោក ផន ផល្លា ដោយផ្ទាល់ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះរូបថតជាមួយលោក ផន ផល្លា និងលិខិតសរសើរ អមដោយខ្លឹមសារសំណេរទ្រាំងស្រុងដូច្នេះថា៖ «ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រា និងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។
កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ញប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបប្អូនកាលពីអតីតកាល។
បងសូមជូនពរប្អូន សូមទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់ប្អូន បញ្ជាក់ថា បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពយើងមានកំណត់ ក៏យើងអាចសម្រេចបាននូវកិច្ចការជាច្រើនដែលមិនត្រឹមតែជួយខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមានក្នុងសង្គមផងដែរ»៕