Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្ត«សម្បូររង្សី» អារាមមានអាយុកាលជាង១៦០០ឆ្នាំ ស្ថិតនៅក្នុងខេត្តព្រះត្រពាំង

07-03-2025 18:10

(វៀតណាម)៖ វត្ត «សម្បូររង្សី» គឺជាអារាមបុរាណមួយ ដែលមានអាយុកាលជាង១៦០០ឆ្នាំមកហើយ ដោយបានកសាងឡើងនៅឆ្នាំ៣៧៣ នៃគ.ស និងនៅឆ្នាំ៩១៦ នៃព.ស ពោលគឺមានអាយុច្រើនជាងប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នអារាមមួយនេះស្ថិតនៅក្នុងភូមិ តាខាវ (សម្បូរ) ឃុំហ្វាអឹង (ក្រសាំង) ស្រុកកូវកែ (កំពង់ស្ពាន) ខេត្តត្រាវិញ (ព្រះត្រពាំង) បច្ចុប្បន្នមានព្រះតេជគុណ ថាច់ យ៉ឿង ជាព្រះគ្រូចៅអធិការវត្ត។ ក្រុមការងារបណ្ដាញព័ត៌មាន Fresh News បានចុះទៅយកព័ត៌មានដោយផ្ទាល់ អំពីប្រវត្តិនៃវត្តបុរាណនេះ។

សិលាចារឹក ដែលសរសេរពីប្រវត្តិអារាមនេះ ត្រូវបានរកឃើញដោយលោក ជិន សេដ្ឋា (ហៅ រ៉ឹម) លោកបានថតចម្លងយកទៅពឹងពាក់លោកសាស្រ្តាចារ្យខាងបុរាណវិទ្យាដែលមានឈ្មោះថា អាំង ជូនលាន ឱ្យគាត់ជួយបកប្រែ។ លោកសាស្រ្តាចារ្យបានប្រឹងប្រែងខិតខំជួយខ្នះខ្នែងស្រាវជ្រាវរហូតរកឃើញថា សេចក្ដីនៃសិលាចារឹកនេះ អ្នកស្រាវជ្រាវបារាំងបានស្គាល់យូរមកហើយ ដោយគេបានយកទៅចុះក្នុងទស្សនាវដ្ដី Bulletin de I’ ecole Francaise l’ Extrieme Orient XIX, ឆ្នាំ១៩១៩។

កាលជំនាន់នោះវត្តនេះមានឈ្មោះថា «សម្បូរ» (ប្រហែលជាហៅកាត់ពីសម្បូររង្សី)។ សិលាចារឹកបម្សល់ទុកនៅវត្តបុរាណនេះបានសរសេរភាសាសំស្រឹ្កត ថា៖ «ភោគីន្រ្ទាស្យសហស្រនិ្សតចលជ្ជិហ្មាតទិច្ចុម្វិត» ត្រូវបានលោក ហ្សក ស៊ីដែស បកប្រែជាភាសាបារាំងហើយលោកសាស្រ្តាចារ្យ អាំង ជូនលាន ប្រែសម្រួលជាភាសាខ្មែរថា៖ «ដោយមានពន្លឺបត់បែនចេញពីមាត់ទាំង១ពាន់ នៃស្ដេចនាគ មកបបោសអង្អែល»

តាមយោបល់លោកសាស្រ្តាចារ្យ អាំង ជូនលាន សិលាចារឹកមួយនេះចារឡើងនៅសតវត្សទី៧ ឬទី៨ (យោងតាមវិភាគលើតួរអក្សរ) ដូច្នេះអារាមបុរាណ សម្បូររង្សី មានអាយុកាលមុនសម័យអង្គរទៅទៀត ដែលប្រហាក់ប្រហែលគ្នានឹងខេត្តតាកែវសព្វថ្ងៃដែរ។ សិលាចារឹកនេះ បានចុះបញ្ជីសារពើភ័ណ្ឌថា K.419។

យោងតាមខ្លឹមសារនៃសិលាចារឹកខាងលើនេះ គឺមានស្ដេចនាគទាំងមួយពាន់ ដែលខ្មែរយើងធ្លាប់បានគោរពបូជាតាំងពីបុរាណមកនោះ បានបញ្ចេញនូវបន្លឺយ៉ាងចញ្ចាចមកបបោសអង្អែលថែរក្សាពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងភូមិស្រុកនេះ ទើបអារាមនេះមានឈ្មោះថា «សម្បូរណ៍រង្សី» គឺសម្បូរណ៍ពន្លឺ។ ដូច្នេះសិលាចារឹក គឺជាដួងព្រលឹងរបស់វត្ត ដែលមិនអាចបាត់បង់បានឡើយ។ អ្នកដែលចូលរួមថែរក្សា នឹងទទួលបានការប្រទានពរពីស្ដេចនាគ ជាក់ជាមិនខាន៕