(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវនាវមាតាបិតាជំរុញកូនៗសិក្សាឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» នៅស្រុកកំពង់ស្វាយ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីលោកស្រី យស ថានារី សមាជិករដ្ឋសភា លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី ព្រមទាំងតំណាងស្ត្រីនៅសាលាស្រុក និងមកពីបណ្ដាឃុំប្រមាណជិត២០០នាក់។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតបច្ចេកវិទ្យាឌីជីថល។ ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការ អភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូលសម្រាប់កម្ពុជា សិទ្ធិនារីត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ»។

លោកស្រីបន្តថា ប្រសិនគ្មានស្ត្រីប្រៀបដូចដីប្រេះក្រហែងដូច្នេះបុរសត្រូវឲ្យតម្លៃភរិយាជាមេផ្ទះដែលខិតខំប្រឹងប្រែងធ្វើការងារមិនខ្លាចនឿយហត់ ហើយស្ត្រីត្រូវធ្វើខ្លួនឲ្យរឹងមាំមិនត្រូវទន់ជ្រាយ ធ្វើជាគំរូ ជួយយកចិត្តទុកដាក់ដល់ ស្ត្រីពិសេសស្ត្រីនៅតាមជនបទ។ ក្នុងនាមប្រធានក្រុមការងារ, លោកស្រីបានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាសិទ្ធិនារីនេះមិនមែនជាការប្រារព្ធសម្រាប់និមិត្តរូបនោះទេតែជាការបង្ហាញការគោរព និងការយកចិត្តទុកដាក់ទៅដល់ស្ត្រី ដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។

លោកស្រីបានកោតសរសើរស្ត្រីក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្សឲ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នាជាមួយបុរស ដើម្បីធ្វើឲ្យជីវិតរស់នៅ ឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ។

លោកស្រីបញ្ជាក់ថា «ការចូលរួមរបស់បុរស និងស្ត្រីដែលទទួលយកបាននូវសិទ្ធិស្មើគ្នាឱកាសដូចៗគ្នាហើយជាដៃគូរដ៏សក្តិសម និងការទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជា ទាំងមូលជាពិសេសគឺស្រ្តីខ្លួនឯងផ្ទាល់សម្រាប់ផ្តល់ជាធនធានមនុស្សប្រកបដោយសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជំរុញពន្លឿនកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឱ្យឈានទៅរកភាព រីកចម្រើនរុងរឿង»

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី អំពាវនាវឲ្យបងប្អូនទាំងអស់ផ្សព្វផ្សាយ អប់រំកូនចៅចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ចៀសឆ្ងាយពីក្មេងទំនើង និងថែរក្សាសន្តិភាពគ្រប់ៗគ្នា៕