(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមានថ្នាក់ដឹកនាំខេត្ត-ថ្នាក់ដឹកនាំស្រុក-ឃុំ និងមន្ទីរពាក់ព័ន្ធ ចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យស្ថាន ភាពការប្រមូលផលស្រូវប្រាំង និងពិនិត្យអំពីបញ្ហាដែលនៅមានការប្រឈមការខ្វះខាតទឹកនៅតាមតំបន់មួយចំនួនក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការទឹកស្រោចស្រព នៅមុនពេលប្រមូលផលរយៈពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុកកំពង់លែង លោកអភិបាលខេត្ត ក៏បាននាំយកប្រេងម៉ាស៊ូតជាង១០០០លីត្រ ផ្ដល់ជូនប្រជាកសិករក្នុងឃុំច្រណូក សម្រាប់បូមទឹក បញ្ចូលប្រឡាយមេចំនួន២ទីតាំង៖

*ប្រឡាយទី១៖ ស្ថិតនៅចំណុចចាប់ផ្ដើមពីបឹងខ្លាខាំគោ ទៅកាន់បឹងរលំតូច ដោយមានម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង។
*ប្រឡាយទី២៖ ចំណុចចាប់ផ្ដើមពីស្ទឹងស្លាប់ ទៅកាន់បឹងផ្ដៅ ដែលមានម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង សរុបម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង កំពុងធ្វើសកម្មភាពបូមទឹកទាំងយប់ទាំងថ្ងៃ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បាននាំយកអំណោយអនុស្សាវរីយ៍ រួមទាំងថវិការបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះជាច្រើនគ្រួសារផងដែរ។

ក្នុងឱកាសជួបចំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកកំពង់លែង លោកអភិបាលខេត្ត បានផ្ដាំផ្ញើ និងផ្ដល់នូវបទពិសោធន៍ និងវិធីសាស្រ្តជាច្រើនក្នុងការថែទាំដំណាំស្រូវរបស់ប្រជាកសិករទាំងការប្រើជី និងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតដើម្បីឲ្យមាន ប្រសិទ្ធភាពខ្ពស់ ចៀសវាងការប្រើមិនមានប្រសិទ្ធភាព និងខាតបង់ប្រាក់កាស។

លោកបានផ្ដាំផ្ញើប្រជាកសិករថា ដើម្បីចៀសវាងចំណុចអវិជ្ជមានទាំងអស់នេះ បងប្អូនប្រជាកសិករត្រូវតែអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ដែលមានមន្ត្រីជំនាញចុះមកបង្ហាត់បង្ហាញអំពីបច្ចេកទេសផ្សេងៗ ដល់បងប្អូនប្រជាកសិករយើងនៅតាមបណ្តាមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើអាជ្ញាធរក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្ថែមទៀត នឹងត្រូវនៅឲ្យជាប់ជាមួយប្រជាកសិករដើម្បីត្រៀមដោះស្រាយរាល់តម្រូវការចាំបាច់ណាមួយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ អ្វីដែលត្រូវដោះស្រាយចំពោះមុខនោះគឺការជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ ដែលពេលនេះ គឺជាពេលវេលាជិតដល់ថ្ងៃដែលត្រូវប្រមមូលផលចុងក្រោយ ហេតុនេះធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់ផលស្រូវរបស់ពួកគាត់ ដោយសារតែដំណាំស្រូវជួបបញ្ហាស្កកឬក្រៀមស្វិត បណ្ដាលមកពីការខ្វះខាតទឹកស្រោចស្រព។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រជាកសិករក្នុងស្រុកកំពង់លែង ធ្វើស្រែប្រាំងនៅលើផ្ទៃដីសរុបជាង១ម៉ឺនហិកតា បច្ចុប្បន្នពួកគាត់ប្រមូលផលបានមួយចំនួនធំហើយ ដោយឡែកនៅសល់មួយចំនួនទៀត ដែលមិនទាន់ប្រមូលផលនៅឡើយ។

ក្នុងនោះក៏នៅមានតំបន់ខ្លះកំពុងខ្វះខាតទឹកត្រូវ ការជួយសង្គ្រោះផងដែរ។ តែករណីនេះទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងមន្ទីរពាក់ ព័ន្ធក៏បានយកចិត្តទុកដាក់ជំរុញការខិតខំប្រឹងប្រែងជួយ សង្គ្រោះស្រូវស្រែរបស់ពួកគាត់បានទាន់ពេលវេលា ដោយពុំមានជួបផលប៉ះពាល់ធ្ងន់នោះទេ។ លោកបានបញ្ជាក់ទៀតថា ការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងទូខេត្តកំពង់ឆ្នាំងគឺមានតំបន់ខ្លះនឹងត្រូវប្រមូលផលរួចរាល់ ជាស្ថាពរនៅក្នុងអំឡុងខែមីនា រីឯនៅតាមតំបន់មួយចំនួន ក៏និងត្រូវប្រមូលផលរួចរាល់នៅក្នុងអំឡុងដើមខែមេសានេះផងដែរ៕