(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានឲ្យដឹងថា នៅ២០២៦ ប្រទេសហ្វីលីពីន នឹងធ្វើជាប្រធានអាស៊ាន ជំនួសប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែបន្តមានវិបត្តិផ្ទៃក្នុង។

សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧។ បើរាប់តាមអក្ខរក្រម មីយ៉ាន់ម៉ា នឹងត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៦ ប៉ុន្តែដោយសារប្រទេសនេះនៅមានវិបត្តិផ្ទៃក្នុងមិនទាន់ដោះស្រាយបាន ទើបអាស៊ាន សម្រេចផ្តល់ឋានៈជាប្រធានអាស៊ានដល់ហ្វីលីពីនតែម្តង។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ អគ្គលេខាធិការអាស៊ាន បានថ្លែងដែរថា ឋានៈជាប្រធានអាស៊ាន មិនមែនជាបញ្ហាដែលត្រូវឲ្យកើតឡើងនោះទេ គឺអាស៊ានដោះស្រាយបញ្ហានេះរួចរាល់ហើយ។

សូមជម្រាបថា វិបត្តិផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា បានកើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ពេលយោធាមីយ៉ាន់ម៉ាបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច និងបានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី។ អន្តរជាតិបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការធ្វើរដ្ឋប្រហារ» ហើយលោកស្រី ស៊ូជីក៏បានអំពាវនាវប្រជាជនក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនេះផងដែរ៕