(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសជូនក្រុមការងារសាងសង់ វិមានរដ្ឋធម្មនុញ្ញ ចំនួន ៨២រូប ដើម្បីសម្តែងនូវអំណរគុណ និងអំណរសាទរ ចំពោះសមិទ្ធផលដ៏វិសេសវិសាលនៃស្នាដៃស្ថាបត្យកម្មដ៏ល្អវិចិត្រនៃវិមានរដ្ឋធម្មនុញ្ញ ទាំងផ្នែកគុណតម្លៃធម្មនុញ្ញ ទាំងផ្នែកគុណតម្លៃស្ថាបត្យកម្ម។
ពិធីបំពាក់គ្រឿងឥស្សរិយយស ត្រូវបានរៀបចំឡើង នៅថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
នាឱកាសនោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានសម្តែងមោទនភាពក្រៃលែង ដែលបានរួមធ្វើការជាមួយក្រុមការងារ ដែលស្ថិតក្រោមការដឹកនាំរបស់លោកបណ្ឌិត លី រស្មី ជាក្រុមការងារដែលមានគ្រប់សមាសភាព ប្រកបដោយចំណេះជំនាញក្បួនខ្នាតពិតប្រាកដ មានការទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបំពេញតួនាទី ដោយចេះបូករួមទេពកោសល្យ បញ្ញាញាណ និងពេលវេលារៀងខ្លួន ទើបអាចធ្វើឲ្យសម្រេចបាននូវស្នាដៃស្ថាបត្យកម្មនៅលើ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រ សម្រាប់ខេមរជនជំនាន់នេះ និងជាមរតកគំនិតដ៏ថ្លៃថ្លាសម្រាប់ជំនាន់ទៅមុខ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបន្តថា នេះគឺជាប្រការដ៏ថ្លៃថ្លាណាស់ ការណ៍ដែលអាចសម្រេចបានយ៉ាងត្រចះត្រចង់នូវទិដ្ឋភាពអដ្ឋប្បដិរូបកម្មនាំយកទស្សនាទានអរូបិយនៃរដ្ឋធម្មនុញ្ញ មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្ម ធ្វើឲ្យវិមានរដ្ឋធម្មនុញ្ញ មិនត្រឹមតែជារចនាសម្ព័ន្ធរូបវន្ត ជាផ្ទាំងសិលាលោហៈប៉ុណ្ណោះទេ តែគ្រប់ផ្នែកគ្រប់ទម្រង់នៃវិមានសុទ្ធតែបង្កប់នូវគំនិត នូវប្រវត្តិមានអត្ថន័យ ជានិមិត្តរូបរស់នៃឧត្ដមគតិ នៃពលិកម្មរបស់ឥស្សរជនស្នេហាជាតិជំនាន់នេះ ដែលជាស្ថាបនិកនិងជាប្រតិបត្តិករនៃរដ្ឋធម្មនុញ្ញ សម្រាប់ឲ្យខេមរជនជំនាន់នេះនិងជំនាន់តទៅមុខទៀតបានដឹង។
ដោយឡែក ជាការរួមចំណែកក្នុងកិច្ចការរបស់ក្រុមការងាររបស់លោកបណ្ឌិត លី រស្មី លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏មិនភ្លេចថ្លែងការកោតសរសើរចំពោះការងាររបស់លោកអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ តាំង រតនា ដែលបំពេញតួនាទីជាអន្តរការី ពាំនាំនូវទស្សនាទាននិងគោលគំនិតនៃរដ្ឋធម្មនុញ្ញ ពីលោកផ្ទាល់ទៅពិគ្រោះពិភាក្សាជាប់ជាប្រចាំជាមួយលោកបណ្ឌិត លី រស្មី ក៏ដូចជាចូលរួមដោះស្រាយបញ្ហាផ្សេងៗ នៅគ្រប់ដំណាក់កាលនៃការសាងសង់ ចាប់តាំងពីបឋមកិច្ច រហូតដល់ការសម្រេចគម្រោងដ៏ធំនេះជាស្ថាពរ។
ដោយពិនិត្យឃើញនូវគុណបំណាច់ដូចបានពោលពីខាងដើម ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះមេត្តា ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជូនដល់លោកបណ្ឌិត ប្រធានក្រុមការងារ រួមជាមួយអ្នកជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ ទាំង ៨២រូប តាមគុណសម្បត្តិនិងស្នាដៃរៀងខ្លួន ទុកជាការតបស្នងនូវគុណបំណាច់ និងទុកជាសក្ខីកម្មនៃកិត្តិយស តទៅអនាគត។
សូមជម្រាបថា វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រ តម្លៃជាង២លានដុល្លារអាមេរិក ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ យ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជពិធីប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនេះ ក៏មានការអញ្ជើញចូលរួមអមព្រះមហាក្សត្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវបរទេសជាឯកអគ្គរាជទូត រដ្ឋទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
វិមានរដ្ឋធម្មនុញ្ញត្រូវបានក្រុងពាលីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រើរយៈពេលប្រមាណ ១៤ខែ។
វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២,៣៨០ម៉ែត្រក្រឡា សង់បែរ មុខទៅទិសខាងកើត។
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសង់ឡើងលើទីតាំងសួនច្បាររាងត្រីកោណ ស្ថិតនៅប៉ែកខាងលិចនៃវិមានឯករាជ្យ ដោយសារទីសួននេះ ប្រកបដោយអត្ថន័យជ័យភូមិ ដ្បិតមានវត្តលង្កាព្រះកុសុមារាម ស្ថិតនៅទិសខាងត្បូង ជានិមិត្តរូបនៃសីលធម៌ និងមានវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅទិសខាងជើង ជានិមិត្តរូបនៃចំណេះវិជ្ជា។ ជាមួយវត្តមានវិមានរដ្ឋធម្មនុញ្ញ បានធ្វើឱ្យទីតាំងនេះ និងតំបន់ជុំវិញបានក្លាយជាទីតាំងដ៏ពិសិដ្ឋមួយរបស់កម្ពុជា នៅក្នុងរាជធានីភ្នំពេញ អាស្រ័យដោយមាន សំណង់បេតិកភណ្ឌជាតិចំនួនបីតាំងនៅជាជួរលើអ័ក្សតែមួយ គឺវិមានឯករាជ្យ ជានិមិត្តរូបជាតិ, វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបសាសនា ច្បាប់, មណ្ឌបព្រះបរមរូបជានិមិត្តរូប ព្រះមហាក្សត្រ ដែលសំណង់ទាំងបីប្រៀបបានតាមទស្សនៈដ៏សំខាន់នៃជំនឿ វប្បធម៌ សាសនា ក្នុងទ្រឹស្តីត្រីមូរតិ ស្របនឹងទស្សនាទានជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាព្រលឹងជាតិ៕