(ភ្នំពេញ)៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសនៃពិធីអបអបរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញទស្សនាបន្ទប់ទារកដ្ឋាន ដែលស្ថិតនៅក្នុងទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយត្រូវបានដាក់សម្ពោធក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រី និងលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី ដោយផ្ទាល់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។
នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទារកដ្ឋាននេះបានដំណើរការយ៉ាងរលូន និងបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងមើលថែកុមារតូចជាកូនមន្រ្តីរាជការ ប្រកបដោយភាពយកចិត្តទុក ព្រមទាំងជាកន្លែងបណ្តុះបណ្តាលដំបូងដល់កុមារតូច ពីសំណាក់គ្រូៗដែលមានបទពិសោធផងដែរ។
ទារកដ្ឋានរបស់ក្រសួងពិតជាបានផ្តល់ឱកាស ដល់មន្ត្រីរាជការជាស្រ្តីដែលមានកូនតូច អាចបំពេញការងារបានដោយចិត្តស្ងប់ និងបង្កើតផលិតភាពការងារជូនអង្គភាពថែមទៀតផង។
គូសបញ្ជាក់ថា ការកសាងទារកដ្ឋាននេះឡើង គឺស្របនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដោយចាត់ទុកកន្លែងថែទាំងទារកនិងកុមារ គឺពិតជាមានភាពចាំបាច់ ក្នុងការជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ហើយម្តាយអាចវិលត្រលប់មកបំពេញការងារ បានក្រោយពេលសម្រាលកូនរួច ព្រមទាំងអាចធ្វើការជូនស្ថាប័ន ដោយមិនមានការបារម្ភពីកូនតូច៕