(កំពង់ចាម)៖ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានរៀបចំពីធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡាយ គឹមលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជាលា ដោយមានការចូលរួមពីសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិកគណបក្សឃុំ សាខាបក្សភូមិ និងសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំជាលាសរុប១៣៥នាក់ ស្រី២៦នាក់។
លោក គុច ឈឿន ប្រធានគណៈកម្មាធិការគណបក្សឃុំជាលា បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច របស់ឃុំជាលាដែលជាឃុំវាលទំនាបសម្រាប់ផលិតកម្មដំណាំស្រូវលើផ្ទៃដីរួមចំនួន ៥០០០ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១,៨៦៩គ្រួសារ ស្មើនឹងចំចំនួន ៩,០៣២នាក់ ស្រីមានចំនួន ៤,៧៤៨នាក់ និងការរីកចម្រើនរបស់ឃុំជាលា។
ក្រោយពីបានស្ដាប់នូវការអានខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ដោយលោក ពៅ ឡុក រួចមកលោក ឡាយ គឹមលី បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនចំពោះក្រុមការងារសមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់។
ក្នុងឱកាសនោះលោក ឡាយ គឹមលី បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគិតគូរចំពោះដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ មានជាអាទិ៍៖
*ទី១៖ ការផ្តល់សេវាថែទាំសុខភាពប្រជាពលរដ្ឋ
*ទី២៖ ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជន
*ទី៣៖ ការរៀបចំជំនួយសង្រ្គោះសម្រាប់គ្រួសារជួបហានិភ័យ
*ទី៤៖ ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
*ទី៥៖ ការលើកស្ទួយផលិតផលកសិផលនិងទីផ្សារ
*ទី៦៖ ចាត់តាំងមន្ត្រីកសិកម្មនៅមូលដ្ឋាន។
ជាមួយគ្នានេះលោក ឡាយ គឹមលី បានណែនាំគណបក្សឃុំឱ្យពង្រឹងរចនាសម្ព័ន្ធដោយពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាពមន្ត្រីបក្ស ការពង្រឹងអភិបាលកិច្ច ការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងច្បាប់កំណត់ និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចគន្លឹះកៀរគរទាក់ទាញអ្នកវិនិយោគ បន្តដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ជំរុញការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ រកទីផ្សារជូនកសិករដែលតម្រូវឲ្យកសិករត្រូវមានសហគមន៍កសិកម្ម៕