(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរស្វាយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយមនុស្សធម៌របស់ លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាព អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាតំណាងរាស្ដ្រមណ្ឌលកំពង់ចាម ផ្ដល់ជូនស្ត្រីកូនខ្ចី និងចាស់ជរាជួបការលំបាក៤១គ្រួសារ នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងនោះដែរ លោក សោ សាវឿន បាននាំនូវការផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង ការសាកសួរសុខទុក្ខ ពីលោក ហ៊ុន ណេង និងលោក លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅឃុំអូរស្វាយទាំងអស់ ជាពិសេសក្រុមគ្រួសារស្ត្រីកូនខ្ចី និងចាស់ជរាទាំង៤១គ្រួសារតែម្ដង។
អំណោយដែល លោកប្រធានក្រុមការងារ និងមន្ត្រីក្រោមឱវាទ បាននាំទៅចែកជូនគ្រួសារជួបការលំបាក និងគ្រួសារពលរដ្ឋងាយរងគ្រោះ៤១គ្រួសារនេះ រួមមាន ស្ត្រីកូនខ្ចី ៣១គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិកា១០ម៉ឺនរៀល និងសារុង១ រីឯចាស់ជរាជួបការលំបាក១០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី-ទឹកស៊ីអីវ២យួរ និងថវិកា៥ម៉ឺនរៀល។
ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារ ក៏បានជម្រុញទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយ សូមទៅបំពេញកាតព្វកិច្ចនេះទាំងអស់គ្នា ហើយសូមចូលរួមបោះឆ្នោត ជូនគណៈប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចំរើនទៅមុខទៀត។
សូមបញ្ជាក់ដែរថា កន្លងទៅ និងជារឿយៗ លោក សោ សាវឿន និងមន្ត្រីក្រោមឱវាទ តែងតែងបានចុះទៅមូលដ្ឋានផ្ទាល់ ដើម្បីសួរសុខទុក្ខ និងនាំនូវអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារស្ត្រីកូនខ្ចី ចាស់ជរាជួបការលំបាក គ្រួសារសព និងគ្រួសារងាយរងគ្រោះផ្សេងៗទៀត នៅក្នុងឃុំអូរស្វាយ ជាប្រចាំ៕