(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើប សម្រាប់ដំណាំស្រូវ ជាមួយប្រជាកសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីអត្ថប្រយោជន៍ នៃការរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងបានស្រាយបំភ្លឺសំណួរចម្ងល់មួយចំនួន ដែលលើកឡើងដោយប្រជាកសិករក្នុងតំបន់នេះ។

លោក យ៉ាង ធី ដែលជាតំណាងកសិករដាំដុះស្រូវនៅឃុំកំពង់ព្រៀង បានលើកឡើងថា កសិករនៅក្នុងមូលដ្ឋានភាគច្រើនកំពុងអនុវត្តការដាំដុះស្រូវពូជស្រង៉ែ និងទទួលបានលទ្ធផលសមរម្យរួចមកហើយ ប៉ុន្តែបងប្អូនកសិករ មានបំណងចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញបន្ថែមទៀត។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ប្រជាកសិករទាំងអស់ឱ្យធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីលក្ខន្តិកៈ និងបទបញ្ញត្តិនៃសហគមន៍កសិកម្មទំនើប មុននឹងឈានដល់ការរួបរួមគ្នាធ្វើផលិតកម្ម ជាសហគមន៍ ដើម្បីធានាឱ្យបាននូវផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់កសិករគ្រប់រូប៕