(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ​បានអញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥​ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិសមភាព​ និងភាពអង់អាចចំពោះស្រ្ដី​ និងក្មេងស្រីគ្រប់រូប» ។

ពិធីនេះ មានការចូលពីភរិយាលោកវេជ្ជបណ្ឌិត គុជ ស៊ីថា  ព្រមទាំងលោក លោកស្រីវេជ្ជបណ្ឌិត អនុប្រធានមន្ទីរទាំង៥រូប និងស្វាមី និងភរិយា និងលោកប្រធាន អនុប្រធានការិយាល័យ ទាំង៤ ចំណុះឲ្យមន្ទីរ និងលោក លោកស្រីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក​ស្ម័គ្រចិត្តទាំងអស់នៃការិយាល័យចំណុះឲ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផងដែរ។

ក្នុងឱកាសនោះ វេជ្ជបណ្ឌិត គុជ ស៊ីថា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកវេជ្ជបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ លើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ស្ត្រីគឺជា កម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិន​អាច​ខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍ​ប្រ​ទេសជាតិ ។ ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរ នៃការវិវត្តន៍ របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារ​ទៀតផង៕