(ភ្នំពេញ)៖ លោក ឆាយ ហុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ករណីសម្លាប់នារីម្នាក់ រួចយកសពទៅកប់នៅក្បែរផ្សារទំនើបអ៉ីអន៣ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិនទាំង៣នាក់ ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
នារីរងគ្រោះមានឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ ត្រូវបានក្រុមជនល្មើសសម្លាប់ ដោយសារតែដឹងរឿងរបស់ពួកគេច្រើនពេក។
កម្លាំងនគរបាលនាយកដ្ឋានព្រហុ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សានារីរងគ្រោះ) និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ។
ក្រោយពីការសាកសួរនាក់ទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពស្លាប់នារីជនរគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន លិខិតឆ្លងដែន EL4710161 (រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសង្ងាត់របស់ពួកខ្លួន។
ជាមួយចម្លើយសារភាពនេះ សមត្ថកិច្ចបានស្រាវជ្រាវបន្តរហូតឃាត់ខ្លួនបានជនដៃដល់ដែលជាជនជាតិចិនម្នាក់ទៀតសរុប៣នាក់៕