(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ចូលរួមពិធីបិទវគ្គហ្វឹកហ្វឺន ឆមាសទី២ ដែលជាវគ្គបំប៉នជំនាញ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ក្នុងអង្គភាពចំនួន៣២នាក់ មកពីក្រុង-ស្រុក ស្នាក់ការសន្តិសុខ ការិយាល័យចំណុះរបស់មន្ទីរទាំង៥។ ពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ដោយមានការប្រឹងប្រែងយកចិត្តាទុកដាក់ ពីលោកគ្រូជាយោធាចារ្យ បានធ្វើឲ្យវគ្គរៀនសូត្រនេះទទួលបានជោគជយ័យ៉ាងល្អប្រសើរ បើទោះបីជាសិក្ខាកាមមួយចំនួនរៀនសូត្រនៅមានកម្រិតក្តី។ លោកមេបញ្ជាការ បន្តថាការបើកវគ្គនេះអង្គភាពបានបំប៉នស្មារតី ពង្រឹងគុណភាពការងារ ឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជាការដកស្រង់បច្ចេកទេសចំណេះដឹង ពីអ្នកមានសមត្ថភាពមកបង្ហាត់បង្ហាញអ្នកនៅខ្វះសមត្ថភាព ក្នុងអង្គភាព។
ជាមួយគ្នានេះដែរ លោក វ៉ី សំណាង អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានថ្លែងថា នេះជាលើទី២ហើយ ដែលលោកបានមកចូលរួមក្នុងពិធីបិទ និងបើកនៃវគ្គរៀនសូត្រ របស់កងរាជអាវុធហត្ថខេត្ត ហើយលោកអភិបាល បានលើកសរសើរចំពោះកងរាជអាវុធខេត្ត ដែលបានបំពេញបេសកម្មបានល្អប្រសើរ ដែលពលរដ្ឋក្នុងខេត្តបានសរសើរមិនដាច់ពីមាត់ គ្រប់សកម្មភាពរបស់កងកម្លាំង។
លោកអភិបាលខេត្ត បន្ដថា ដោយមើលយ៉ាងជាក់ អំពីការគិតគូពីអង្គភាពទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថ ទទួលបានទាំងកម្លាំងកាយ ស្មារតី វិជ្ជាជីវៈគុណភាព ដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននេះ បានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិ។ បន្ថែមពីនេះ លោក វ៉ី សំណាង បានប្រគល់ថវិកា ២លានរៀល រួមទាំង អង្ករ ត្រីខ ទឹកសុទ្ធ មី ទឹកត្រី-ស៊ីអ៊ីវ ដល់សិក្ខាកាមក្នុងវគ្គនេះដែរ ដើម្បីផ្គត់ផ្គង និងជាការលើកទឹកចិត្ត។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល ១៥ថ្ងៃ ស្មើនិង៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈ កងរាជអាវុធហត្ថ៕