(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានអប់រំ នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៦នេះ បានរៀបចំវេទិកាអប់រំមួយ ដើម្បីពិភាក្សាលើវិធីសាស្ត្រ លើកកម្ពស់ការអប់រំនៅកម្ពុជា។
ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លោក Bretton Sciaroni បានថ្លែងថា វេទិកានេះមានបំណងធ្វើយ៉ាងណាឲ្យវិស័យអប់រំ និងនិយោជកទាំងនៅក្នុងវិស័យរដ្ឋ និងឯកជនខិតជិតទៅរកគ្នា ដើម្បីបន្ថែមលើការកែលម្អក្នុងវិស័យអប់រំ។ កិច្ចប្រជុំនេះផ្ដល់ឱកាសដល់សហគមន៍ធុរកិច្ច ក្នុងការជូនដំណឹងដល់គ្រឹះស្ថានអប់រំ អំពីគម្លាតជំនាញ និងការបណ្ដុះបណ្ដាលបច្ចុប្បន្ន ដែលចាំបាច់ត្រូវបំបាត់ ដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងជំរុញឲ្យមានការវិនិយោគ និងផ្ដល់នូវយន្តការ សម្រាប់ក្រសួងអប់រំយុវជន និងកីឡា ផ្សព្វផ្សាយព័ត៌មាន អំពីកំណែទម្រង់ដែលខ្លួនកំពុងអនុវត្ត និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ពេលអនាគត។
លោកបន្ដថា ព្រឹត្តិការណ៍នេះ ជាចំណុចចាប់ផ្ដើមថ្មី សម្រាប់សហគមន៍ធុរកិច្ច និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើការរួមគ្នាបង្កើតបរិយាកាសសេដ្ឋកិច្ច ដែលមានផលិតភាពជាងមុន ហើយយើងបានចំណាយពេលជាងមួយឆ្នាំ ដើម្បីរៀបចំវេទិកាមួយនេះឡើង ហើយវេទិកានេះនឹងជួយយើងទាំងអស់គ្នា ឲ្យកំណត់រកឲ្យឃើញនូវផ្នែកនានា ក្នុងវិស័យអប់រំ ដែលយើងអាចចាប់ផ្ដើមភ្លាមៗ ក្នុងការធ្វើការកែលម្អ ដែលការធ្វើដូច្នេះ ជាលទ្ធផលនឹងផ្ដល់ផលប្រយោជន៍ ដោយផ្ទាល់ចំពោះសេដ្ឋកិច្ចជាតិ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួន ណារ៉ុន បានថ្លែងថា «ខ្ញុំមានក្តីសង្ឃឹមខ្ពស់ថា កិច្ចពិភាក្សារយៈពេលពេញមួយថ្ងៃនោះ នឹងនាំទៅរកកិច្ចសហប្រតិបត្តិការ កាន់តែប្រសើររវាងក្រសួងអប់រំ និងវិស័យឯកជន ហើយយើងជឿថា តាមរយៈការចូលរួមនៅ ក្នុងកិច្ចពិភាក្សាទាំងនេះ វិស័យអប់រំ នឹងមានលទ្ធភាពធ្វើការកែប្រែមួយចំនួន ដែលនឹងជួយដល់សិស្សានុសិស្ស នៅវិទ្យាល័យ និងនិស្សិតនៅសកលវិទ្យាល័យ កាន់តែឆាប់ងាយទទួលបានការងារធ្វើ ក្រោយពេលបញ្ចប់ការសិក្សារួច»។
គួររលឹកថា វេទិកាអប់រំ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) លើកនេះ ជាវេទិកាដំបូងហើយ ដែលត្រូវបានរៀបចំឡើង ចាប់តាំងពី IBC និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) កាលពីឆ្នាំមុន ដោយព្រមព្រៀងជួបប្រជុំ ជាប្រចាំដើម្បីពិភាក្សាលើកំណែទម្រង់ ដែលកំពុងធ្វើឡើង នៅក្នុងប្រព័ន្ធអប់រំ និងដើម្បីផ្ដល់អនុសាសន៍ផ្ដោតលើឧស្សាហកម្មនានា ដល់ក្រសួងអប់រំផងដែរ៕