(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមថែរក្សាធនធានធម្មជាតិ និងថែរក្សាបរិស្ថានទាំងអស់គ្នា។
នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញរូបភាពកូនឈើកម្រ និងប្រណិតនៅភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានថែរក្សាចាប់តាំងកូនឈើតូច រហូតវិវត្តន៍ទៅជាដើមធំៗ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ បានឃើញ បានស្គាល់ពីព្រៃឈើ និងធនធានធម្មជាតិរបស់កម្ពុជា។
«នេះជាព្រៃ នៅភ្នំជុំសែនរីករាយ។ កាលពីជាង១០ឆ្នាំមុន ព្រៃនេះត្រូវបានបំផ្លាញ នៅសល់តែឫស និងកូនឈើតូចៗ ហើយដើមឈើខ្លះមានទំហំតែប៉ុនមេដៃ មេជើង ឬធំបំផុតប៉ុនកដៃកូនក្មេង ប៉ុន្តែឥឡូវបងប្អូនឃើញ ហើយដើមឈើកម្របានរីកលូតលាស់ធំៗ និងបានដុះច្រើនឡើងវិញក្នុងព្រៃធម្មជាតិ […] ក្មួយបើឃើញដើមជើងកម្រសូមជួយថែរក្សា ពីព្រោះវាមានតម្លៃខ្លាំងណាស់»។ នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា។
នាយឧត្តមសេនីយ៍ សៅ សុខា បានរម្លឹកថា កាលពីដំបូងដើមឈើដែលមានទំហំទាំងនេះ នៅតូចៗ ប៉ុន្តបន្ទាប់ពីទទួលបានការពារបានយ៉ាងល្អ កូនឈើតូចៗ បានប្រែក្លាយដើមឈើធំៗ មានម្លប់សម្រាប់ជ្រក និងមានតម្លៃសម្រាប់ មនុស្សជំនាន់ ដូច្នេះបងប្អូនទាំងចូលរួមថែរក្សាសម្បត្តិធម៌ជាតិឱ្យបានគង់វង្សតជំនាន់។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ប្រសិនបើបងប្អូនបានឃើញដោយផ្ទាល់ភ្នែកនូវដើមឈើកម្រៗដែលកំពុងតែមានវត្តមាននៅក្នុងព្រៃធម្មជាតិ ភ្នំជុំសែនរីករាយនេះ ប្រាកដណាស់បងប្អូនពិតជាមានអារម្មណ៍ ស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិ ដូច្នេះបងប្អូនទាំងអស់ រួមគ្នាថែរក្សាការពារធនធានធម្មជាតិ ទប់ស្កាត់ការកាប់ទន្ទ្រានព្រៃជាដើម៕
សូមស្តាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខា៖