(តេហេរ៉ង់)៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ផ្នែករញ្ជួយដី លោក Bahram Akkasheh បានព្រមានថានៅរយៈពេល១៥ ទៅ២០ឆ្នាំខាងមុខគ្រោះរញ្ជួយដីដ៏មហាប្រល័យមួយមានកម្លំាង ៧.០ ទៅ៨.០ រ៉ិចទ័រអាចនឹងវាយប្រហារ មកលើទីក្រុងតេហេរ៉ង់ ដោយនឹងធ្វើឱ្យរដ្ឋធានីមួយនេះបាត់ចេញពីផែនទីពិភពលោក។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Bahram Akkasheh បានលើកឡើងថា «គេគួរតែគិតពី លទ្ធភាពនៃការផ្ទេររដ្ឋធានីតេហេរ៉ង់ ទៅកាន់តំបន់ណាមួយដែលមានហានិភ័យតិចតួច»។ លោក Akkasheh បន្តថា «វាមិនមែនជារឿងចៃដន្យឡើយ ដែលយើងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយជប៉ុនក្នុងការ ត្រួតពិនិត្យសកម្មភាពរញ្ជួយដីនៅទីក្រុងតេហេរ៉ង់ ត្បិតនៅពេលដ៏ខ្លីខាងមុខ គ្រោះរញ្ជួយដីដ៏មហាប្រល័យមួយ អាចនឹងវាយប្រហារលើទីក្រុងមួយនេះ ដោយនឹងបង្កឱ្យមានជនរងគ្រោះរាប់លាននាក់ ក៏ដូចជាអាចធ្វើឱ្យរដ្ឋធានីតេហេរ៉ង់ បាត់ចេញពីផែនទីពិភពលោកផងដែរ»។
គួរបញ្ជាក់ថាការផ្ដួចផ្ដើមគំនិតផ្ទេររដ្ឋធានីតេហេរ៉ង់ទៅតំបន់ផ្សេង មានតាំងតែពីឆ្នាំ២០០៩ មកម្លេះ ដោយ មានការជម្រុញពីសំណាក់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Khamenei ហើយគំនិតនេះក៏ត្រូវបាន ក្រុមប្រឹក្សាសុវត្ថិភាពជាតិ ផ្ដល់អនុសាសន៍ក្នុងការរៀបចំផ្ទេររដ្ឋធានីផងដែរ ប៉ុន្តែអ៊ីរ៉ង់មិនទាន់បានបង្ហើប ពីទីតាំងសម្រាប់រដ្ឋធានីអនាគតថ្មីនោះឡើយ៕