(កំពង់ស្ពឺ)៖ ឆ្លើយតបនឹងលិខិតបដិសេធរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ និងការលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់តំណាងក្រុមហ៊ុន ដែលបានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ទៅស្ទឹងសែនជ័យ ក្នុងភូមិសាស្រ្តភូមិសា្រស្ត ឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះយកសំណាកទឹក និងចូលរួមជាមួយអ្នកសារព័ត៌មានសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងរោងចក្រ KRR Processing Food Co., Ltd។
ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមករោងចក្របានបញ្ចេញសំណល់រាវ មានជាតិពុលចូលមកក្នុងស្ទឹងធម្មជាតិ ដែលមានទីតាំងនៅខាងក្រោយរោងចក្រ និងបានបង្កបញ្ហាបំពុលទឹកស្ទឹង និងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់ ដោយសារសំណល់រាវចេញពីការផលិតដំណាប់ស្វាយ ដែលត្រូវបានគេបង្ហូរចូលស្ទឹង ហើយពេលខ្លះនៅវេលាយប់ផងដែរ។
អ្នកស្រី សែម សុផា ប្រជាពលរដ្ឋភូមិសែនជ័យ ក្នុងឃុំយាយម៉ៅពេជ្រនិល បានលើកឡើងថា ពីមុនមិនទាន់មានរោងចក្រទឹកស្ទឹងសែនជ័យនេះ គឺជាប្រភពយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់យកមកស្រោចដំណាំ និងបន្លែបាន។ ក្រោយមករោងចក្របង្ហូរទឹកចូលមកក្នុងស្ទឹងនេះ ធ្វើឱ្យទឹកខូចគុណភាព មានខ្លិនមិនល្អ ប៉ះពាល់សុខភាព និងពំអាចប្រើប្រាស់បាន សូម្បីសត្វត្រីនៅក្នុងទឹកក៏ឃើញងាប់ផងដែរ។
លោក តាន់ តេង រស់នៅភូមិ៣ ក្នុងឃុំស្រុកជាមួយគ្នា ជាអ្នកប្រកបរបរដាំដុះស្វាយ បានលើកឡើងស្រដៀងគ្នាថា៖ «ទឹកស្ទឹងនេះពីមុនគឺលោកអាចប្រើប្រាស់ បានទាំងអស់ ទៅលើការស្រោចដំណាំ និងសម្រាប់មនុស្សប្រើប្រាស់បាន ខណៈអីឡូវនេះបន្ទាប់ពីរោងចក្របើកបង្ហូរទឹកកាកសំណល់ពីរោងចក្រចុះមក ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ទឹកមានសភាពប្រែប្រួលធំក្លិន និងប៉ះពាល់សុខភាព អាយុជីវិតជាដើម»។
អ្នកស្រី ហុក ម៉េង រស់នៅជាប់មាត់ស្ទឹងភូមិជាមួយគ្នាដែរ បានគូសបញ្ជាក់ថា៖ «កន្លែងនេះមានក្លឹនពិបាកទទួលយកបាន ពោលគឺមានក្លឹន២៤ម៉ោង លើ២៤ម៉ោង ដែលជះមកគ្រប់ពេល ហើយពេលខ្លះពីបាកទទួលយកបាន ត្រូវជិះម៉ូតូចេញពីផ្ទះដើម្បីទៅរកទីតាំងដែលមានខ្យល់អាកាសល្អ មិនមានក្លិនឆ្ងាយពីផ្ទះ។ អ្នកស្រីបន្ថែមថា សុខភាព កូនក្មេង និងមនុស្សចាស់ឈឺជាបន្តបន្ទាប់ នៅក្នុងភូមិក្បែរៗនេះ»។
ពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែរ ប្រជាពលរដ្ឋជាច្រើន បានសំណូមពរទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមមេត្តាដោះស្រាយបញ្ហានេះ ព្រោះថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងអ្នករស់នៅជាប់ស្ទឹងសែនជ័យនេះ ពោលគឺនៅក្រោមប្រឡាយទឹក ដែលរោងចក្របានបញ្ចេញសំណល់រាវចូលមក គឺបានធ្វើឱ្យទឹកមានក្លិនស្អុយ និងមិនអាចប្រើប្រាស់បាន។
សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ បានចុះពិនិត្យករណីបំពុលស្ទឹងសែនជ័យ ចំនួន២លើករួចមកហើយ និងបានពិនិត្យក្នុងសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងទឹកលេចចេញពីរោងចក្រ មានសាធាតុពុល Chemical Oxygen Demand (COD) (សម្រាប់វាយតម្លៃគុណភាពទឹកពុល ឬល្អ) លើសស្តង់ដារកំណត់ ដែលបានបង្ហាញថាទឹកស្ទឹងបានទទួលរងការបំពុលទឹក និងបង្កឱ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក រួមទាំងមិនអាចប្រើប្រាស់ទឹកបាន។
ក្នុងករណី COD កំហាប់វាខ្ពស់ខ្លាំង វាអាចបង្កឱ្យត្រីងាប់ភ្លាម ការយកសំណាកទឹកដែលហៀរចេញពីរោងចក្រ កន្លងមកមានកម្រិត COD លើសពី ៣០០០mg/l បណ្តាលមកពីសំណល់មានផ្ទុកកំហាប់ជាតិស្ករច្រើន ជាតិជូរផ្អូមចេញពីសាច់ស្វាយ និងការរលួយនៃកម្ទេចសាច់ស្វាយ ត្រូវបានគេបង្ហូរចូលក្នុងបរិមាណច្រើនម៉ែត្រគូប ចូលក្នុងប្រភពទឹកស្ទឹង។
សូមបញ្ជាក់ជូនថា ជាទូទៅសំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺមានកម្រិត COD ខ្ពស់លើសពី ១០០០០mg/l ចំណែកឯការទឹកកខ្វក់ចេញពីលំនៅដ្ឋាន ឬសំណលរាវចេញពីការលាងបន្លែ ផ្លែឈើ ឬការចោលសំណល់រឹងផ្សេងៗ ក្នុងលក្ខណៈជាគ្រួសារចូលក្នុងប្រភពទឹក គឺ COD មានកម្រិតមិនលើសពី 1000mg/l និងពុំមានបង្កបញ្ហាក្លិនស្អុយខ្លាំងដូចសំណល់ពីការផលិតស្វាយឡើយ។ លើសពីនេះនៅតំបន់ដងស្ទឹង ដែលមានបញ្ហាបំពុលដោយសំណល់ទឹកស្វាយខាងលើនេះ ពុំមានរោងចក្រផលិតដំណាប់ស្វាយណាផ្សេងក្រៅពីរោងចក្រ KRR Processing Food Co., Ltd. នោះទេ៕