(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលសារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា ៖ «ក្នុងឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានារីនៅលើសកលលោក បានចូលរួមអបអរខួបទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្នុងឱកាសប្រារព្ធខួបនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អជានិរន្តរ៍ ពលានុភាពមាំមួន បញ្ញាភ្លឺថ្លាត្រចះត្រចង់ មានជន្មាយុយឺនយូរ ជាភិយ្យោភាពតរៀងទៅ។
ខណៈនេះដែរ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេង និងព្រហ្មវិហារធម៌ ដែល សម្តេច បានប្រតិប័តន៍ ក្នុងឋានៈជាឧត្តមភរិយារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេច ធម្មវិសុទ្ធវង្សា គឺជាស្ត្រីឆ្នើមមួយរូប ដែលមានសង្គហធម៌ដ៏ជ្រាលជ្រៅ ខ្ជាប់ខ្ជួន និងសទ្ធាជ្រះថ្លាដ៏បរិសុទ្ធដែលជានិច្ចកាលតែងតែបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយទឹកចិត្តសប្បុរស និងមនុស្សធម៌បូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់នៃសន្តិភាព ជារៀងដរាប។
ក្នុងវរោកាសដ៏ថ្លៃថ្លាវិសេសវិសាលនេះ ខ្ញុំ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមវន្ទាឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ទេពា្តថែរក្សាមាតុភូមិកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅ ចៅទួត ជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន៖