(ភ្នំពេញ)​៖​ សម្ដេចមហាមន្ដ្រី គុយ សុផល អនុប្រធានកាកបាទក្រហមកម្ពុជា​​ នៅថ្ងៃទី៧ ឆ្នាំ​២០២៥នេះ​ បានផ្ញើលិខិតគោរពជូនពរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសខួបទី ១១៤

ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលសារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា​ ៖​ «ក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម ដែលនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងសកលលោកប្រារព្ធខួបទី១១៤
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» យើងខ្ញុំជាសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលអគ្គលេខាធិការដ្ឋាន និងមន្ដ្រីអ្នកស័្មគ្រចិត្ត យុវជននៃកាកបាទក្រហមកម្ពុជា សូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមមានសុខភាពល្អបរិបូរណ៍កម្លាំង កាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ បន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌នាំមុខគេនៅកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នានៃកាកបាទក្រហមកម្ពុជា សូមគោរពកោតស្ញប់ស្ញែង នូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងសូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គឺជានិមិត្តរូបនៃស្ត្រីគំរូដ៏ឆ្នើម មានឆន្ទៈមោះមុត មនសិការអង់អាចក្លាហាន ធ្វើមហាពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ដែលមានការវិវឌ្ឍជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។

ក្នុងឱកាសដ៍ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅៗ ទាំងអស់ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖