(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រុមហ៊ុនពាណិជ្ជកម្ម ដែលបាននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ជៀសវាងការបញ្ជាទិញពីក្រុមហ៊ុន ចែកចាយបន្ដក្រៅប្រទេសជាច្រើនតំណ គ្មានប្រភពដើមច្បាស់លាស់ ដែលធ្វើឲ្យតម្លៃដើមខ្ពស់ គប្បីទិញពីប្រភពដើមឲ្យបានច្បាស់លាស់។
ការលើកឡើង របស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលា «ការណែនាំអំពីនីតិវិធី ក្នុងការធ្វើពាណិជ្ជកម្ម ថ្នាំកសិកម្ម និងជីកសិកម្ម» នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងកសិកម្ម។
ក្នុងនោះដែរ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវព្យាយាមទំនាក់ទំនងរកផលិតផល ថ្នាំកសិកម្ម ឬជីកសិកម្ម សម្រាប់ចុះបញ្ជិកា និងនាំចូលមកផ្គត់ផ្គង់ចែកចាយ ក្នុងកម្ពុជា ដែលចេញពីក្រុមហ៊ុនផលិតលាយផ្សំផ្ទាល់នៃប្រទេសប្រភពដើម ដើម្បីធានាគុណភាពផលិតផលពិតប្រាកដ និងមានតម្លៃទាប អាចប្រកួតប្រជែងទីផ្សារដោយស្មើភាព ស្របតាមស្ថានភាពជាក់ស្ដែងនៃក្សេត្របិរស្ថាននៅកម្ពុជា និងស្របតាមតម្រូវការប្រើប្រាស់របស់កសិកម្ម ក្នុងផលិតកម្ម កសិកម្មផងដែរ។
ជាមួយគ្នានេះដែរ លោក វេង សាខុន បានគូសបញ្ជាក់ថា ក្រុមហ៊ុនត្រូវស្វែងយល់ដោយផ្ទាល់នូវព័ត៌មានបង្ហាញផ្លូវ និងកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវអនុវត្តនៅគ្រប់ដំណាក់កាល ក្នុងប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ជាពិសេសនៅក្នុងដំណើរការនេះ ការចុះបញ្ជីប្រភេទផលិតផល ថ្នាំកសិកម្ម ឬជីកសិកម្មនីមួយៗ ដែលទាមទារនូវពេលវេលាសមស្របឆ្លងកាត់ការវិភាគ ការសាកល្បង លើទីវាលពិសោធន៍ និងការសិក្សាអំពីហានិភ័យ ឬគ្រោះថ្នាក់ដែលអាចបង្កដោយផលិតផល ថ្នាំកសិកម្ម ឬជីកសិកម្មទាំងនោះ ព្រមទាំងកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវអនុវត្តនៅក្រោយពេលចុះបញ្ជិកាផលិតផល និងទទួលបានលិខិតអនុញ្ញាត ឬវិញ្ញាបនបត្រ សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មពាក់ព័ន្ធ។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានផ្ដាំផ្ញើថា ក្រុមហ៊ុនពាណិជ្ជកម្ម ថ្នាំកសិកម្ម ឬជីកសិកម្ម ត្រូវមានភាពស្មោះត្រង់ និងមានសីលធម៌ក្នុងមុខរបររបស់ខ្លួន ដោយមិនត្រូវប្រព្រឹត្តអំពើក្លែងបន្លំគុណភាព កែច្នៃផលិតផលខុសពីគុណភាពដើម ឬក្លែងបន្លំសំបកវេចខ្ចប់ និងត្រូវជៀសវវាងទិញចូលសម្រាប់លក់នូវថ្នាំកសិកម្ម ឬជីកសិកម្ម ដែលគេចពន្ធ ឬលួចលាក់នាំចូលពីប្រទេសជិតខាង ឬមានប្រភពចេញពីអំពើល្មើសច្បាប់ផ្សេងទៀតឡើយ៕