(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន ដឹកនាំដោយអ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមទាំងប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់លផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើផ្នែកព័ត៌មាននេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ថែមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ ដែលមិនមែនត្រឹមតែពង្រឹកលើរចនាសម្ព័ន្ធ ប៉ុន្តែពង្រឹងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មិនមែនត្រឹមតែវិស័យទេសចរណ៍ ការវិនិយោគប៉ុណ្ណោះទេ តែតាមរយៈប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានដើរតួនាទីសំខាន់ ដោយក្រសួងព័ត៌មានកម្ពុជា បាននឹងកំពុងកសាងស្ថាប័នដែលមានប្រសិទ្ធិភាព និងគុណភាព សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កិច្ចសហប្រតិបត្តិការជាមួយបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន គឺជាផ្នែកមួយនៃការរួមចំណែកដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា ក៏ថ្លែងអំណរគុណចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន និងក្រុមការងារដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជាកន្លងមក ដែលនេះជាការរួមចំណែកដ៏សំខាន់របស់ភាគីមិត្តចិន ក្នុងការគាំទ្រដល់ដំណើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
សម្រាប់អ្នកនាង Xu Xiaoxia ក៏បានគាំទ្រលើកិច្ចសហប្រតិបត្តិការនានារវាងភាគីចិន និងកម្ពុជា ពិសេសកិច្ចសហការការលើវិស័យព័ត៌មាន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត។ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV។
ជាមួយគ្នានេះដែរ អ្នកនាង Xu Xiaoxia បានសំដែងនូវមោទនភាពដែលបានឃើញពីកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អក្នុងរយៈពេលកន្លងមករវាង ក្រសួងព័ត៌មានកម្ពុជា និងប្រពន្ធ័ផ្សព្វផ្សាយនានារបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ហើយក៏បានដាក់ចេញនូវផែនការសកម្មភាពថ្មីៗបន្ថែមទៀតដើម្បីឱ្យស្របតាមការវិវឌ្ឍរីកចម្រើន នៃបច្ចេកវិទ្យា Digital នាពេលបច្ចុប្បន្ននេះ។
អ្នកនាង Xu Xiaoxia ក៏បានរម្លឹក និងសំដែងនូវការរីករាយដោយកិច្ចសហការគ្នាតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរទស្សន៍ រវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថ្មីៗនេះ ដើម្បីបណ្តុះឡើងនូវតួនាទីរបស់ខ្លួនក្នុងការដឹកនាំតម្រង់ទិស កសាងមាតិកា សម្របសម្រួលធនធាន និងប្រមូលកម្លាំងងរួមក្នុងការលើកកម្ពស់លើផ្អែកជាគោលដៅ ប្រសិទ្ធិភាព និងសកម្មភាពផ្លាស់ប្តូរឈានទៅភាពរីកចម្រើនបន្ថែមទៀតលើវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍។
ក្រសួងព័ត៌មាន មានតួនាទីគ្រប់គ្រងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ លើកកម្ពស់ និងពង្រឹងការគ្រប់គ្រងលំហព័ត៌មាន ពង្រីកវិសាលភាព និងពង្រឹងគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្តល់ព័ត៌មានពិតប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ក្នុងគោលបំណងរួមចំណែកដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសុខដុមនីយកម្ម។ ក្រសួងព័ត៌មានបានសម្រួចទិសដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្តល់សេវាកម្មព័ត៌មាន ក្រោមបរិបទ «ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
តាមរយៈជំនួបនេះភាគីក្រសួងព័ត៌មាន និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក៏បានត្រៀមចុះអនុស្សារណៈយោគយល់គ្នាថ្មីបន្ថែមទៀតការងារព័ត៌មាន និងសោតទស្សន៍ ដោយក្នុងនោះក្រសួងព័ត៌មាន គ្រោងនឹងបង្កើតកម្មវិធីព័ត៌មានផ្សព្វផ្សាយជាភាសាចិន មានន័យថាបកប្រែអត្ថបទព័ត៌មាន ដែលសរសេរជាភាសាខ្មែរ ទៅភាសាចិន ដើម្បីឱ្យជនជាតិចិន ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា បានដឹងពីព័ត៌មានកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក៏បានរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ៕