(ភំ្នពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមលោកជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានសេចក្តីសោមនស្សរីករាយ ក្នុងការរៀបចំកម្មពិធី ទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១១៤ ជាព្រឹត្តិការណ៍សកលដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីវីរភាពនៃការតស៊ូទាមទារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តភាពស្មើគ្នារវាងបុរសនិងស្រ្តី ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណង ដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន ការអនុវត្តសិទ្ធិ និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
លោកមបន្តថា ក្នុងទិវាដ៏ប្រសើរថ្លៃថ្លានេះ ឯកឧត្តមសូមសម្តែងការកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តកំណត់ការលើកកម្ពស់ សមភាព យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់ វិស័យ ជាអាទិភាព រួមមានវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាពជាដើម។ ការកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានកត់សម្គាល់ថា៖ ស្ត្រី គឺជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីធ្វើឱ្យសង្គមមានការផ្លាស់ប្តូរ ប្រែមុខមាត់ថ្មី។ ជាពិសេសស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូររៀបចំ និងបានដាក់ចេញជាផែនការយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល ក្នុងការបង្កើនការអភិវឌ្ឍន៍មូលធនមនុស្ស។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានមើលឃើញ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារនារីប្រចាំ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការងារបានយ៉ាងខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវល្អ ដោយចំណាយទាំងកម្លាំងកាយ និងចិត្ត ក្នុងការខិតខំពង្រឹងការងាររបស់ខ្លួន រួមទាំងចូលរួមយ៉ាងសកម្មក្នុងការងារស្នូល និងជាជំនួយក្នុងការងារបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណេះ ក៏បានចូលរួមប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ជាការលើកមុខមាត់របស់មន្ទីរផងដែរ។
លោកឧត្តមសេនីយ៍ឯកបន្តថា នៅក្នុងដើមឆ្នាំថ្មី២០២៥នេះ យើងនឹងយកចិត្តទុកដាក់បន្ថែមដល់នារី ក្នុងការផ្តល់រង្វាន់ លើកទឹកចិត្តដល់នារីដែលបានខិតខំប្រឹងប្រែងកន្លងមក ដោយផ្តល់ជាគ្រឿងឥស្សររិយស លិខិតសរសើរ និងការដំឡើតួនាទីទៅតាមស្នាដៃ និងពេលវេលា ដូច្នេះសូមនគរបាលជានារីព្យាយាមបំពេញ នូវការងាររបស់ខ្លួនឲ្យមានការអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពបន្ថែមទៅមុខទៀត។
លោកឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន សូមឲ្យនគរបាលជានារីទាំងអស់ បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជាភរិយា ជាមាតា ជាម្ដាយមីង បងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដើម្បីចូលរួមចំណែកក្នុងការអប់រំសមាជិកគ្រួសារទាំងមូល ឲ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ជៀសផុតនូវអំពើឧបាយមុខ អំពីខុសច្បាប់ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីធ្វើជាពលរដ្ឋល្អ ដែលជាមូលដ្ឋានធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការកសាងសង្គមខ្មែរ ឲ្យមានភាពរឹងមាំសុខដុមនីយកម្ម និងការអភិវឌ្ឍសម្បូរណ៍រុងរឿង ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានឧបត្ថម្ភថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់នគរបាលនារីចំនួន៣០រូបផងដែរ ៕